ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ មីនា ស្អែកនេះ នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គ.ម ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ដើម្បីឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជា បណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្វពិធីចាប់ពី ម៉ោងយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រហូតដល់ បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៥១ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤)។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសាធារណជន ដែលធ្វើដំណើរឆ្លងកាត់តាម ដងផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យនិងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធីតាម ការណែនាំរបស់សមត្ថកិច្ច ចង្អុលបង្ហាញ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕