បរទេស៖ អ៊ុយក្រែនអះអាងថា បានបំផ្លាញនាវារបស់រុស្ស៊ីដ៏ធំសម្បើមមួយគ្រឿង ខណៈដែលកងទ័ពរបស់លោក ពូទីន នៅតែបន្តរងការខាតបង់ក្រោមថ្វីដៃកងទ័ពរបស់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារដោយផ្ទាល់ទៅលើនាវា Orsk ដែលជានាវាផ្ទុករថក្រោះប្រភេទ Alligator-class របស់រុស្ស៊ី ខណៈដែលនាវានេះកំពុងចតនៅក្នុងកំពង់ផែ Berdyansk ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
រូបថត និងវីដេអូជាច្រើនបានបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ពេញកំពង់ផែ។ គ្រាន់តែបីថ្ងៃមុនការវាយប្រហារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានថត នាវា Orsk នៅកំពង់ផែដែលផ្ទុករថពាសដែក ដែលវាបាននិយាយថានឹងពង្រឹងកងទ័ពនៅតំបន់ Mariupol ក្បែរនោះ ដែលជំរុញឱ្យមានការរំពឹងទុកថា អ៊ុយក្រែនអាចប្រើវីដេអូនេះដើម្បីកំណត់គោលដៅនាវា៕ប្រែសម្រួលៈ ណៃ តុលា