សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន១គ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត ។ សេនាធិការចម្រុះនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះមិនបានលើកឡើងពីព័ត៌មានលម្អិតបន្ថែមនោះទេ ។
ការបាញ់នេះបានកើតឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើង បានបាញ់គ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។
យោងតាមយោធាកូរ៉េខាងត្បូង វាបានកត់សម្គាល់ការបាញ់បង្ហោះកាំជ្រួច និងមីស៊ីលលើកទី១២ ដោយកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ។
កូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី៥ ខែមីនា ប៉ុន្តែកូរ៉េខាងជើង បានអះអាងថា វាគឺជាការបាញ់សាកល្បងសម្រាប់ការអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍តែប៉ុណ្ណោះ ៕