ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្នកនយោបាយសហរដ្ឋអាមេរិក ដែលពូកែ “បង្ករឿងហេតុ”” ច្បាស់ជានឹងបំផ្លាញ ផលប្រយោជន៍ របស់ខ្លួនឯងជាមិនខាន

កាលពីថ្ងៃទី២៤ខែមីនា ការប៉ះទង្គិចយោធា រវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលមួយខែគត់ ។ ពីលោក John Joseph Mearsheimer អ្នកវិទ្យាសាស្ត្រនយោបាយ សហរដ្ឋអាមេរិករហូតដល់លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ឥស្សរជនអន្តរជាតិ កាន់តែច្រើនឡើង ៗ បានយល់ឃើញថា មូលហេតុ ធ្វើឱ្យស្ថានការណ៍ រវាងរុស្ស៊ីនិងអ៊ុយក្រែន មានភាពតានតឹង គឺដោយសារទង្វើពង្វាត ទៅខាងកើត នៃអង្គការណាតូ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ប្រទេសប៉ែក ខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិកមានទំនួលខុសត្រូវ ដ៏សំខាន់ ចំពោះគ្រោះមហន្តរាយលើកនេះ ។

ប្រឈមមុខនឹងសំឡេង រិះគន់ដែលលាន់ឮកាន់តែខ្លាំងឡើងៗ សហរដ្ឋអាមេរិក ដែលជាអ្នកបង្កការប៉ះទង្គិចលើកនេះ មិនអើពើទាល់តែសោះ ផ្ទុយទៅវិញបែរជាយកសាំង មកចាក់លើប្រេងថែមទៀត ដែលចង់ឱ្យភាគីទាំងពីររុស្ស៊ី និងអ៊ុយក្រែនបន្តប្រយុទ្ធគ្នា ។ ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប ។ ភាគីអាមេរិកអះអាងថា ទស្សនកិច្ចរបស់ លោក Joe Biden លើកនេះនឹង បញ្ជាក់ពីវិធានការថ្មីមួយ ចំនួនចំពោះរុស្ស៊ី ក្នុងនោះ បូករួមទាំងវិធានការដាក់ទណ្ឌកម្មថ្មីបំផុត ។ បច្ចុប្បន្ននេះ ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែន បានប្រយុទ្ធគ្នាអស់រយៈពេលមួយខែ ប្រសិនបើភាគីអាមេរិកបន្តបង្កើន វិធានការដាក់ទណ្ឌកម្មជាមួយ សម្ព័ន្ធមិត្តបស្ចិមប្រទេស នោះ គឺហាក់ដូចជាបង្កើនភាពតានតឹង នៃការប៉ះទង្គិចដ៏ខ្លាំងលើកនេះ ចេតនាអាក្រក់ ដែលចង់ឱ្យពិភពលោកមានភាព ច្របូកច្របល់របស់អាមេរិក គឺច្បាស់ក្រឡែតតែម្ដង ។

តាមការពិត ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនគឺបង្កើតឡើងដោយសហរដ្ឋអាមេរិក ។ ដោយសារមានគំនិតសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានញុះញង់ ឱ្យអង្គការណាតូពង្វាត ទៅខាងកើតចំនួន៥លើក ដែលបានទទួលយកប្រទេសអឺរ៉ុប ខាងកើតជាច្រើន ដើម្បីដាក់កំហិតចន្លោះ អភិវឌ្ឍន៍ខាង យុទ្ធសាស្ត្រ របស់រុស្ស៊ីឥតឈប់ឈរ និងជាន់ឈ្លីខ្សែបន្ទាត់ក្រហម ខាងសន្តិសុខអធិបតេយ្យភាព របស់រុស្ស៊ីតាមទំនើងចិត្ត ។ ទាក់ទិននឹងរឿងនេះ រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់លាស់ នូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខរបស់ប្រទេសខ្ឡួន ព្រមទាំងប្រឆាំងយ៉ាង ខ្លាំង ចំពោះការដែលអ៊ុយក្រែន ចូលរួមអង្គការ ណាតូ ។ ប៉ុន្តែ ក្នុងការចរចារវាង អាមេរិកនិងរុស្ស៊ី មុនពេលផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន សហរដ្ឋអាមេរិក នៅតែមាន អាកប្បកិរិយាដ៏រឹង ចចេសដោយអះអាងថា អង្គការណាតូនឹងមិនបញ្ឈប់ពង្វាតទៅខាងកើត នោះទេ ។ អាចឃើញថា សហរដ្ឋអាមេរិកពិតជាខ្លាច រុស្ស៊ីនិងអ៊ុយក្រែន មិនប្រយុទ្ធគ្នា ហើយប្រញាប់បង្ករឿងហេតុ ។
អ្វីដែលគួរឱ្យយកចិត្តទុក ដាក់គឺ ពេលថ្មីៗកន្លងទៅនេះ លោក Sullivan ឧបការីប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ បានលើកឡើង នៅពេលថ្លែង ដល់ដំណើរទស្សនកិច្ច របស់លោក Joe Biden នៅអឺរ៉ុបថា ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន “នឹងមិនបញ្ចប់ ដោយងាយៗឬ ឆាប់រហ័សនោះទេ” ។ នេះគឺជាគោលដៅដែលសហរដ្ឋអាមេរិក ចង់ឈានដល់ ពោលគឺជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែនបន្តបាញ់គ្នា ដើម្បីសម្រេចឧបាយកល ជាច្រើន ដែលគាបសង្កត់រុស្ស៊ី ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុប នាំឱ្យក្រុមហ៊ុនឧស្សាហកម្មយោធា មានចំណេញកាន់តែច្រើន និងពង្រឹងអនុត្តរភាព ។

ការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន បានដំណើរការអស់ រយៈពេលមួយខែ ប្រឈមមុខនឹងប្រជាជនអ៊ុយក្រែន ដែលធ្លាក់ចូលក្នុងភ្លើង សង្គ្រាមនិង ប្រជាជន រុស្ស៊ី ដែលរងការដាក់ទណ្ឌកម្ម សហរដ្ឋអាមេរិក ចាំបាច់ត្រូវទទួលខុសត្រូវ។ មន្ត្រីអាមេរិកធ្លាប់បង្ហាញថា នឹងបង្ការកុំឱ្យរឿង នេះឡើងកម្ដៅ ។ នោះក៏ត្រូវធ្វើ តាមពាក្យសន្យា របស់ខ្លួន ចាត់ប្រតិបត្តិការជាក់ស្តែង បង្កើតលក្ខខណ្ឌ ដើម្បីនាំឱ្យការចរចាសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន អាចទទួលបានលទ្ធផល ជាផ្លែផ្កា តែមិនមែនប្រព្រឹត្តិផ្ទុយពីនេះទេ ។ ប្រវត្តិសាស្ត្របាន និងបន្តបញ្ជាក់ថា អ្នកដែលប៉ិនបង្ករឿងហេតុ រមែងតែវិនាសខ្លួនឯង ៕

To Top