ព័ត៌មានអន្តរជាតិ

ប្រទេសចិន ស្វាគមន៍ចំពោះវិធានការណាមួយ ដែលសំដៅកាត់បន្ថយ វិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន

ប៉េកាំង៖ ប្រេសិតចិនបានឲ្យដឹងថា ប្រទេសចិនស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើម និងវិធានការណាមួយ ដែលអាចជួយសម្រាល និងដោះស្រាយវិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “ចំណុចចាប់ផ្តើមជាមូលដ្ឋានរបស់ចិន គឺដើម្បីលើកកម្ពស់ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែន” ។

លោក Zhang បានបន្ថែមថា ប្រទេសចិនអំពាវនាវ ឱ្យភាគីពាក់ព័ន្ធពង្រឹង ការសម្របសម្រួលលើបញ្ហាមនុស្សធម៌ ការពារប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពជនស៊ីវិល ជាពិសេសក្រុមងាយរងគ្រោះដូចជាស្ត្រី និងកុមារ និងជួយសម្រួលដល់ការជម្លៀសបុគ្គលិក និងប្រតិបត្តិការសង្គ្រោះមនុស្សធម៌។

លោក ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា “ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន នៅពេលដោះស្រាយបញ្ហា មនុស្សធម៌របស់អ៊ុយក្រែន គោលការណ៍មនុស្សជាតិ អព្យាក្រឹតភាព និងភាពមិនលំអៀង ដែលបង្កើតឡើងដោយសេចក្តីសម្រេច របស់មហាសន្និបាតលេខ ៤៦/១៨២ គួរតែត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការធ្វើនយោបាយ លើបញ្ហាមនុស្សធម៌”។

ស្តីពីស្ថានភាពមនុស្សធម៌ ក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ន បេសកជនរូបនេះបានលើកឡើងថា “វាគួរឱ្យសោកស្ដាយណាស់ ដែលឃើញការបន្តធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែន ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការផ្លាស់ទីលំនៅដ៏ធំ នៃប្រជាជន ដែលបណ្តាលមកពីជម្លោះ”។

លោកបានបន្ថែមថា “អាទិភាពកំពូលនាពេលនេះ គឺសម្រាប់ភាគីពាក់ព័ន្ធ ក្នុងការរក្សាការអត់ធ្មត់ជាអតិបរមា ជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិលកាន់តែច្រើន និងឈានដល់បទឈប់បាញ់ ដែលបានចរចាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ជាពិសេសដើម្បីការពារវិបត្តិ មនុស្សធម៌ ក្នុងទ្រង់ទ្រាយធំ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top