ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ ដំណើរការចរចាសន្ដិភាព ជាមួយរុស្ស៊ី ពិតជាពិបាកខ្លាំងណាស់

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា ដំណើរការចរចារបស់ ប្រទេសលោកជាមួយរុស្ស៊ី គឺពិបាកខ្លាំងណាស់ នេះបើយោងតាមសារព័ត៌មាន របស់ក្រសួងការបរទេស អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃសុក្រ។

លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយលើកឡើងថា “ដំណើរការចរចាមានការលំបាកខ្លាំងណាស់ ។ គណៈប្រតិភូអ៊ុយក្រែន បានប្រកាន់ជំហររឹងមាំ ហើយមិនបោះបង់ការទាមទាររបស់ខ្លួននោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានសង្កត់ធ្ងន់ថា ភាគីអ៊ុយក្រែន ទទូចឱ្យមានបទឈប់បាញ់ ការធានាសន្តិសុខនិងបូរណភាពទឹកដី របស់អ៊ុយក្រែន ក្នុងកិច្ចពិភាក្សាជាមួយ ភាគីរុស្ស៊ី។

ខណៈពេលដែលអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan ដែលអ៊ុយក្រែន និងរុស្ស៊ីឈានដល់ ការឯកភាពគ្នា លើចំណុចទាំង៤ នោះ Kuleba បានលើកឡើងថា ការចាត់ថ្នាក់នៃប្រធានបទសំខាន់ៗ នៃការចរចាជាបួន ឬចំណុចផ្សេងទៀត គឺមិនត្រឹមត្រូវនោះទេ។

លោក Kuleba បានបន្ដថា បញ្ហាផ្សេងៗគ្នាជាច្រើនត្រូវបានពិភាក្សា ក្នុងពេលតែមួយ នៅក្នុងក្រុមរងនៃគណៈប្រតិភូ។ លោកបានសង្កត់ធ្ងន់ថា ក្រុងកៀវនឹងបន្តកិច្ចពិភាក្សា ជាមួយតួកគី និងប្រទេសដទៃទៀត ដើម្បីស្តារ សន្តិភាពនៅលើទឹកដីអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top