ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសបើកចំហរ ការសន្ទនាជាមួយអារ៉ាប៊ីសាអូឌីត ខណៈទំនាក់ទំនង រវាងមហាអំណាច មជ្ឈឹមបូព៌ាទាំងពីរ កំពុងជួបបញ្ហា

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានឲ្យដឹងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កំពុងប្រឈមមុខនឹងបញ្ហា ប៉ុន្តែអ៊ីរ៉ង់ កំពុងខិតខំប្រឹងប្រែង ដើម្បីរក្សាការសន្ទនា បើកចំហរ វាងមហាអំណាចមជ្ឈិមបូព៌ាទាំងពីរ។

អ្នកការទូត ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសលីបង់ បានឲ្យដឹងថា អាកប្បកិរិយាផ្ទុយគ្នា របស់អារ៉ាប៊ីសាអូឌីត ដូចជាការប្រហារជីវិតមនុស្ស ៨១ នាក់ ដែលក្នុងនោះមានពួកប្រឆាំងនិកាយស៊ីអ៊ីត ប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ហើយថា អ៊ីរ៉ង់នឹងមិនភ្លេចការស្លាប់ របស់ជនជាតិអ៊ីរ៉ង់ ៤៦០ នាក់នៅមីនណាឡើយ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា សោកនាដកម្ម ដែលជាការរត់ជាន់គ្នាដ៏សាហាវ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ក៏ត្រូវបានចងចាំដែរ។

អ៊ីរ៉ង់បានបញ្ជាក់ថា វាគឺជាអារ៉ាប៊ីសាអូឌីត ដែលបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ លោក Abdollahian បានចង្អុលបង្ហាញដោយបន្ថែមថា “យើងមានការព្រួយបារម្ភ អំពីគោលនយោបាយ អារ៉ាប៊ីសាអូឌីត ប៉ុន្តែយើងមិនបានកាត់ផ្តាច់ ទំនាក់ទំនង ជាមួយប្រទេសនេះទេ”។

អារ៉ាប៊ីសាអូឌីត បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់នៅដើមឆ្នាំ២០១៦ ក្នុងការតវ៉ាប្រឆាំងនឹងការវាយប្រហារលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់របស់អារ៉ាប៊ីសាអូឌីត។

អំពីជម្លោះរវាងក្រុមឧទ្ទាមហ៊ូទីយេម៉ែន និងអារ៉ាប៊ីសាអូឌីត លោក Abdollahian បានលើកឡើងថា ការការពារអធិបតេយ្យភាពរបស់យេម៉ែន គឺជាបញ្ហានៃអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែអ៊ីរ៉ង់ស្វាគមន៍ចំពោះការ បញ្ចប់សង្រ្គាម និងការដកការឡោមព័ទ្ធ (ដឹកនាំដោយអារ៉ាប៊ីសាអូឌីត) លើប្រទេសនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top