សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសសិង្ហបុរី ហៅថា (MFA) បានឲ្យដឹងនៅថ្ងៃសៅរ៍ថា ប្រទេសសិង្ហបុរី បានអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់រាល់ការបង្កហេតុ បន្ទាប់ពីខ្លួនបានសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប កាលពីដើមសប្តាហ៍នេះ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ដ៏ធំបំផុតរបស់ខ្លួន ដែលត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរខ្ពស់ជាង និងឆ្ងាយជាងមីស៊ីល មុនៗប្រភេទរបស់ខ្លួន ។
ក្រសួងការបរទេសបានឲ្យដឹងថា “សិង្ហបុរី ថ្កោលទោស (កូរ៉េខាងជើង) សម្រាប់ការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដែលបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងបានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។
ក្រសួងបានឲ្យដឹងទៀតថា ការសាកល្បងនេះក៏បានបំពានលើការផ្អាកឆ្នាំ២០១៨ របស់ប្រទេសកូរ៉េខាងជើង លើការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបផងដែរ ។
ក្រសួងដដែល បានលើកឡើងដោយប្រើអក្សរកាត់ផ្លូវការសម្រាប់កូរ៉េខាងជើងថា “យើងអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុទាំងអស់ជាបន្ទាន់ ហើយត្រូវគោរពតាមកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន” ៕
ដោយ៖ ម៉ៅ បុប្ផាមករា