ព័ត៌មានអន្តរជាតិ

ប្រមុខយោធាមីយ៉ាន់ម៉ា ប្តេជ្ញាកម្ទេច កងកម្លាំង ប្រឆាំងរដ្ឋប្រហារ

រ៉ង់ហ្គោន៖ ប្រមុខយោធាមីយ៉ាន់ម៉ា បានប្តេជ្ញាថា នឹង “បំផ្លាញ” កងកម្លាំងប្រឆាំងរបបយោធា និងអ្នកគាំទ្ររបស់ពួកគេ ដោយលើកឡើងថា មិនមានកន្លែង សម្រាប់ការចរចាជាមួយក្រុមបែបនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។

ថ្លែងនៅចំពោះមុខកងទ័ពជាង ៨៦០០នាក់ដែលបានប្រមូលផ្តុំគ្នា សម្រាប់ព្យុហយាត្រាយោធាប្រចាំឆ្នាំ ដែលប្រារព្ធខួបលើកទី៧៧ នៃទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing បានលើកឡើងថា យោធានឹងមិនចរចាជាមួយក្រុមប្រឆាំង ដែលខ្លួនហៅថា ជាក្រុមភេរវករនោះទេ។

លោកថា យោធាដែលគេស្គាល់ថា ជាកងទ័ពនឹងបន្តកម្ទេចក្រុមបែបនេះ រហូតដល់ប្រទេសទទួលបានសន្តិភាព និងស្ថិរភាពឡើងវិញ។ ប្រមុខយោធាបានបញ្ជាក់ថា “ខ្ញុំចង់គូសបញ្ជាក់ថា គ្មានរដ្ឋាភិបាល ឬកងទ័ពនៅទូទាំងពិភពលោក ដែលចរចាជាមួយក្រុមភេរវករណាមួយឡើយ”។

លោក Min Aung Hlaing បានឡើងកាន់អំណាចនៅក្នុងខែកុម្ភៈ កាលពីឆ្នាំមុន ក្រោយការផ្តួលរំលំ រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដោយចោទប្រកាន់ពី ការក្លែងបន្លំនៅក្នុងការ បោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០ ដែលបានផ្តល់ឱ្យគណបក្សជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បោះឆ្នោត បានលើកឡើងថា ការបោះឆ្នោតមានភាពយុត្តិធម៌។ មនុស្សជិត ១៧០០នាក់ បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមកណ្តាប់ដៃរបស់យោធា ចាប់តាំងពីការធ្វើរដ្ឋប្រហារ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស ដែលតាមដានស្ថានការណ៍ នៅក្នុងប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top