ព័ត៌មានអន្តរជាតិ

នូវែលសេឡង់ នឹងផ្តល់ជំនួយ ដល់សម្ព័ន្ធមិត្តអឺរ៉ុប ក្នុងការប្រមូលព័ត៌មាន ចារកម្ម ពីប្រតិបត្តិការយោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសនូវែលសេឡង់ នឹងផ្តល់ជំនួយ ដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ក្នុងការប្រមូលព័ត៌មានចារកម្ម ស្តីពីប្រតិបត្តិការយោធារុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងការពារប្រទេស នូវែលសេឡង់ នឹងប្រើប្រាស់សមត្ថភាព របស់ខ្លួនសម្រាប់រយៈពេលបីខែខាងមុខ ដើម្បីគាំទ្រចក្រភពអង់គ្លេស និង ដៃគូអឺរ៉ុបផ្សេងទៀត ដោយ “ទាញយកអត្ថប្រយោជន៍ ពីភាពខុសគ្នា នៃតំបន់ពេលវេលា ដើម្បីជួយបំពេញការងារសំខាន់ៗ ក្នុងអំឡុងពេលយប់ និងពេលថ្ងៃរបស់យើង” ។ នេះបើតាមលោកស្រី Ardern បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

លោកស្រីបាននិយាយថា រដ្ឋមន្ត្រីរបស់ប្រទេសកោះនេះបានសម្រេចចិត្តដាក់ពង្រាយមន្រ្តីចំនួន៩នាក់ភ្លាមៗ ទៅកាន់ចក្រភពអង់គ្លេស និងបែលហ្ស៊ិក ដើម្បីជួយដល់តម្រូវការកើនឡើង សម្រាប់ការវាយតម្លៃស៊ើបការណ៍សម្ងាត់ ចំពេលមានជម្លោះដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រីនាយករដ្ឋមន្ត្រីបានបន្ថែមថា អ្នកជំនាញចំនួន ៥ នាក់ក្នុងចំនោមអ្នកជំនាញទាំងនោះ នឹងត្រួតពិនិត្យរូបភាពផ្កាយរណប ខណៈដែលអ្នកដែលនៅសល់ នឹងត្រូវផ្តល់ភារកិច្ចក្នុងការបង្កើនការយល់ដឹង របស់ Wellington អំពីសកម្មភាពរបស់សម្ព័ន្ធមិត្ត និងអង្គការណាតូទាក់ទងនឹងវិបត្តិ ៕ប្រែសម្រួលៈ ណៃ តុលា

To Top