បរទេស៖ លោក Matthew Wale ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោនៅកោះ Solomon អះអាងថា បានដាស់តឿនទៅមន្ត្រីអូស្ត្រាលីកាលពីឆ្នាំមុនថា រដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលរបស់លោក Sogavare កំពុងធ្វើការលើកិច្ចព្រមព្រៀងយោធាដែលនឹងអនុញ្ញាតឱ្យកងទ័ពរំដោះប្រជាជន តាំងមូលដ្ឋាននៅក្នុងតំបន់។
យោងតាមវែបសាយ Udumbara ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលធ្វើឱ្យមន្ត្រីនានាមានការភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ត្រូវបានបង្ហាញបន្ទាប់ពីវាបានចាប់ផ្តើមផ្សព្វផ្សាយតាមអ៊ីនធឺណិតនៅថ្ងៃទី ២៤ ខែមីនា ហើយដែលអាចបើកទ្វារសម្រាប់បុគ្គលិកសន្តិសុខចិន រួមទាំងប៉ូលីស ទាហាន សព្វាវុធ និងកប៉ាល់កងទ័ពជើងទឹក ឱ្យឈរជើងនៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយនេះ ត្រឹមតែចម្ងាយ ១ ៧០០ គីឡូម៉ែត្រពីទីក្រុង Cairns ភាគខាងជើងនៃប្រទេសអូស្ត្រាលី។
លោក Matthew Wale បានប្រាប់ថា “ខ្ញុំបានប្រាប់ទៅឧត្តមស្នងការអូស្ត្រាលីថា មានការពិភាក្សាដែលកំពុងដំណើរការលើអ្វីមួយដែលនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិសុខ ដែលអាចបើកចំហរចំពោះទ្រព្យសម្បត្តិសន្តិសុខ និងកន្លែងមូលដ្ឋាននៅឆ្នេរសមុទ្រ ” ។
លោកថា “នៅពេលនោះ ខ្ញុំបានដឹងរួចហើយ (អំពីផែនការនោះ) ពីព្រោះខ្ញុំត្រូវបានជូនដំណឹងដោយនរណាម្នាក់ដែលចូលរួមក្នុងការពិភាក្សាទាំងនោះ។” គាត់បាននិយាយថា គាត់បាននិយាយទៅកាន់ឧត្តមស្នងការអូស្ត្រាលីប្រហែលខែសីហាឆ្នាំមុននៅពេលដែល “ការពិភាក្សារុករក” បានកើតឡើងរវាងទីក្រុងប៉េកាំង និង លោក Sogavare មេដឹកនាំកោះ Solomon៕ប្រែសម្រួលៈ ណៃ តុលា