នាពេលថ្មីៗកន្លងទៅនេះ ប្រទេសលោកខាងលិច បានបើកធ្វើកិច្ចប្រជុំមួយចំនួន យ៉ាងមមាញឹក ក្នុងនោះបូករួមទាំង កិច្ចប្រជុំកំពូលពិសេស នៃថ្នាក់ដឹកនាំអង្គការណាតូ ស្តីពីបញ្ហាអ៊ុយក្រែន កិច្ចប្រជុំថ្នាក់ដឹកនាំនៃប្រទេស G7 និងកិច្ចប្រជុំកំពូលមេដឹកនាំ សហភាពអឺរ៉ុបជាដើម ដើម្បីធ្វើការពិគ្រោះពិភាក្សា អំពីស្ថានការណ៍អ៊ុយក្រែន និងត្រៀមខ្លួនដាក់ចេញវិធានការ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជុំថ្មីមួយ ។
យ៉ាងណាមិញ ចាប់តាំងពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានអនុវត្តវិធានការដាក់ទណ្ឌកម្មមក សហភាពអឺរ៉ុបកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិស័យថាមពល វត្ថុធាតុដើម និងចរាចរណ៍ទំនិញអន្តរជាតិជាដើម ។
គួររំលឹកថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Versailles ប្រទេសបារាំង ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន ដោយសារលើមូលដ្ឋាន នៃស្ថានការណ៍អ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ បណ្តារដ្ឋសមាជិក នៃសហភាពអឺរ៉ុប បានឈានដល់គំនិតឯកភាពរួម អំពីបញ្ហាមួយចំនួន ដូចជា ការបង្កើនភាពម្ចាស់ការ ខាងកិច្ចការពារជាតិ ការកាត់បន្ថយការពឹងផ្អែក ផ្នែកថាមពលនិងលំនឹង ស្ថានភាពជាមូលដ្ឋាន នៃសេដ្ឋកិច្ចជាដើម ដែលបានរំលេចនូវការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុប ក្នុងការរក្សាបាននូវភាពម្ចាស់ ការខាងយុទ្ធសាស្ត្រ ។
ក្នុងអំឡុងកិច្ចប្រជុំ Versailles បណ្តារដ្ឋសមាជិក នៃសហភាពអឺរ៉ុប បានឯកភាពគ្នាសម្គាល់ថា អឺរ៉ុប ចាំបាច់ត្រូវបម្រះខ្លួន ចេញពីការពឹងផ្អែកខ្ពស់ លើវត្ថុធាតុដើមទ្រង់ទ្រាយធំ របស់រុស្ស៊ីដូចជា ប្រេងឆៅនិងឧស្ម័នធម្មជាតិជាដើម ជាសន្សឹមៗក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ។ ដើម្បីបង្កើនការគ្រប់គ្រង ប្រព័ន្ធបម្រុងទុកថាមពល បណ្តារដ្ឋសមាជិកនៃសហភាពអឺរ៉ុប ក៏បានឈានដល់មតិឯកភាពគ្នា ស្តីពីបញ្ហាសម្របសម្រួល ការបម្រុងទុកឧស្ម័នធម្មជាតិ ដោយបានសម្រេចចិត្តថា នឹងបង្កើនការស្តុកទុកឧស្ម័នធម្មជាតិ ក្នុងឃ្លាំងរបស់អឺរ៉ុបឱ្យឡើងដល់ ៩០ ភាគរយនៅមុនថ្ងៃទី ១ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីធានាសន្តិសុខថាមពល របស់សហភាពអឺរ៉ុប ។
ប៉ុន្តែបច្ចុប្បន្ននេះ សហភាពអឺរ៉ុប បានពឹងផ្អែកខ្ពស់ទៅលើថាមពលរបស់រុស្ស៊ី ពោលគឺ ឧស្ម័នធម្មជាតិ ប្រហែល ៤០ ភាគរយ និងប្រេងឆៅប្រហែល ៣០ ភាគរយរបស់អឺរ៉ុប បាននាំចូលពីប្រទេសរុស្ស៊ី ។ បន្ទាប់ពីរុស្ស៊ី ចាត់ប្រតិបត្តិការយោធាពិសេស ចំពោះអ៊ុយក្រែន ប្រទេសលោកខាងលិច បានអនុវត្តការដាក់ទណ្ឌកម្ម ដែលពីមុនមិនធ្លាប់មានទៅលើរុស្ស៊ី ដែលបានបណ្តាលឱ្យតម្លៃថាមពល របស់សហភាពអឺរ៉ុប បានឡើងថ្លៃ ហើយគំរាមកំហែងដល់សន្តិសុខថាមពល ។ ក្នុងសភាពការណ៍បែបនេះ សហភាពអឺរ៉ុប នឹងជួបប្រទះនឹងជម្រើសយុទ្ធសាស្ត្រ ប្រកបដោយភាពលំបាកមួយចំនួន នៅពេលអនាគត ។
លើសពីនេះទៅទៀត ក្នុងចំណោមគ្រឿងសម្ភារៈជាយុទ្ធសាស្ត្រទ្រង់ទ្រាយធំ ដែលសហភាពអឺរ៉ុបពឹងផ្អែកខ្ពស់ទៅលើរុស្ស៊ី គឺមិនអាចឃ្លាតពីវត្ថុធាតុដើម នៃបន្ទះឈីបបានឡើយ ។ ទំហំនាំចេញវត្ថុរ៉ែនីកែល ប៉ាឡាដ្យូម អាលុយមីញ៉ូម និងប្លាទីនរបស់រុស្ស៊ី មានចំនួន ៤៩ ភាគរយ ៤២ ភាគរយ ២៦ ភាគរយនិង ១៣ ភាគរយ នៃទីផ្សារសកលដោយឡែកពីគ្នា ។ ចំណែកអ៊ុយក្រែនវិញ ការនាំចេញវត្ថុនេអុង និងគ្រីបតុនរបស់ខ្លួន មានចំនួន ៧០ ភាគរយនិង ៤០ ភាគរយ នៃទំហំទីផ្សារសកល ។ ហេតុនេះហើយបានជា វត្ថុធាតុដើមទាំងនេះ មានសារៈសំខាន់ណាស់ ចំពោះផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជា បន្ទះឈីបនិងរ៉េមជាដើម ។ នៅពេលដែលសហគ្រាស ប្រើប្រាស់បរិក្ខារឈីបចុងក្រោយបង្អស់នៅអឺរ៉ុប នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពី”ការកាត់ផ្តាច់ការផ្គត់ផ្គង់ឈីប”កាលពីឆ្នាំមុន ការគំរាមកំហែងដែលអាចប៉ាន់ប្រមាណ បានប្រហែលនឹងកើតមានម្តងទៀត ។
និយាយចំពោះទ្វីបអឺរ៉ុប ការចាត់វិធានការក្រោមលេស “គាំពារសុវត្ថិភាព” បែរជាបានបង្កឱ្យមានការគំរាមកំហែង ជាក់ស្តែងជាច្រើន ពោលគឺ កំណើនសេដ្ឋកិច្ចមានលទ្ធភាព លេចចេញកំណើនអវិជ្ជមាន ដំណើរការនៃសង្គមប្រហែលជាអាចនឹងធ្លាក់ ក្នុងសភាពជាប់គាំង ក៏ដូចជាខ្សែសង្វាក់ឧស្សាហកម្ម ប្រហែលជាត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ ។ ការពិតជាក់ស្តែងដ៏ឃោរឃៅ បានបញ្ជាក់ម្តងទៀតថា មានតែគាំទ្រសកម្មភាព ដែលសមស្របនឹងផលប្រយោជន៍រួម របស់ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុបប៉ុណ្ណោះ ទើបអាចសម្រេចបាន នូវសន្តិសុខដ៏ពិតប្រាកដ៕