ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករបានថ្លឹងថ្លែង ពីទស្សនវិស័យតម្រូវការ ខណៈកំពុងរង់ចាំការចរចាសន្តិភាព រុស្ស៊ី និងអ៊ុយក្រែន ជាថ្មីទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate សម្រាប់ការចែកចាយ ខែឧសភាបានបាត់បង់ ៧,៩៤ ដុល្លារ ឬ ៧ភាគរយ ដើម្បីទូទាត់នៅតម្លៃ ១០៥,៩៦ដុល្លារ ក្នុងមួយបារ៉ែល នៅផ្សារហ៊ុន New York Mercantile Exchange។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយនៅខែឧសភា បានធ្លាក់ចុះ ៨,១៧ ដុល្លារ ឬ ៦,៨ ភាគរយ មកបិទនៅតម្លៃ ១១២,៤៨ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
ការធ្លាក់ចុះនេះបានកើតឡើង នៅពេលដែលវិនិយោគិន បន្តវាយតម្លៃផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ លើតម្រូវការប្រេងឥន្ធនៈ ។
លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានលើកឡើងក្នុងកំណត់ត្រាមួយថា នៅកន្លែងផ្សេងទៀត “សង្ឃឹមថាការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី អាចនាំឱ្យមានការសម្របសម្រួល” ក៏រួមចំណែកដល់ការធ្លាក់ចុះតម្លៃផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងរុស្ស៊ីនឹងចាប់ផ្តើមកិច្ចចរចា សន្តិភាពបន្ទាប់នៅថ្ងៃអង្គារនេះ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។
សម្រាប់សប្តាហ៍បញ្ចប់ថ្ងៃសុក្រ សហរដ្ឋអាមេរិក សន្ទស្សន៍តម្លៃប្រេងឆៅ និង Brent បានកើនឡើង ១០,៥ ភាគរយ និង ១១,៨ ភាគរយរៀងគ្នា ដោយផ្អែកលើកិច្ចសន្យាមុនខែ ៕
ប្រែសម្រួល ឈូក បូរ៉ា