ប៉េកាំង៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងនៅថ្ងៃពុធនេះ បន្ទាប់ពីកិច្ចប្រជុំមួយនៅភាគខាងកើតប្រទេសចិន ជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ស្របពេលមានវិបត្តិអ៊ុយក្រែន ។
ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំង២ ក៏បានថ្កោលទោស នូវអ្វីដែលពួកគេហៅថាខុសច្បាប់ និងប្រឆាំងទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើទីក្រុងម៉ូស្គូ ជុំវិញសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ។
លោក Wang និង Lavrov បានលើកឡើងនៅក្នុងខេត្ត Anhui ភាគខាងកើតនៃប្រទេសចិន ជាកន្លែងដែលចិនកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពហុភាគីរយៈពេល២ថ្ងៃស្តីពីអាហ្វហ្គានីស្ថាន ។
លោក Wang បានលើកឡើងថា “ភាគីទាំង២មានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយកាន់តែមានទំនុកចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ” ។
លោកបានថ្លែងថា “ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីនាំយកទំនាក់ទំនងចិន-រុស្ស៊ីទៅកាន់កម្រិតខ្ពស់នៅក្នុងយុគសម័យថ្មីមួយក្រោមការណែនាំនៃការយល់ស្របពីប្រមុខរដ្ឋ” ៕
ដោយ៖ម៉ៅ បុប្ផាមករា