LVIV៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកមកលើទីក្រុង ដែលឡោមព័ទ្ធ នៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន នៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីបានសន្យាថា នឹងកាត់បន្ថយប្រតិបត្តិការនៅទីនោះ ហើយទីក្រុង គៀវ និងសម្ព័ន្ធមិត្តលោកខាងលិច បានច្រានចោលការដកថយ នៅជិតរដ្ឋធានី ដែលជាការប៉ុនប៉ង ដើម្បីប្រមូលផ្តុំឡើងវិញ ដោយពួកឈ្លានពាន ដែលទទួលការខាតបង់ យ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ជិត៥សប្តាហ៍ក្នុងការលុកលុយ ដែលខ្លួនបរាជ័យ ក្នុងការចាប់យកទីក្រុងធំៗណាមួយ រុស្ស៊ីបានលើកឡើងថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការ នៅជិតទីក្រុង គៀវ និងទីក្រុងភាគខាងជើង Chernihiv “ដើម្បីបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមក” សម្រាប់កិច្ចចរចាសន្តិភាព ។
ប៉ុន្តែអភិបាលក្រុង Chernihiv លោក Vladyslav Astroshenko បានលើកឡើងថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានធ្វើឡើងកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយមនុស្សជាង ១០០.០០០នាក់ បានជាប់នៅក្នុងទីក្រុង ដោយគ្រាន់តែមានស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត គ្រប់គ្រាន់សម្រាប់រយៈពេល ប្រហែលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ។
គាត់បានប្រាប់ដល់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយថា “នេះគឺជាការបញ្ជាក់មួយផ្សេងទៀតដែលថា រុស្ស៊ីតែងតែកុហក” ។ “ពួកគេពិតជាបានបង្កើនភាពខ្លាំងនៃការវាយប្រហារ” ជាមួយនឹង “ការវាយប្រហារដោយ កាំភ្លើងត្បាល់ដ៏ធំ នៅកណ្តាលទីក្រុង Chernihiv” នៅថ្ងៃពុធះនេ ដែលបានធ្វើឱ្យជនស៊ីវិល២៥នាក់រងរបួស ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ មិនអាចបញ្ជាក់ពីស្ថានភាព នៅទីនោះបានភ្លាមៗនោះទេ ។
នៅក្នុងសុន្ទរកថា មួយនាពេលយប់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនយកអ្វីដែលទីក្រុងម៉ូស្គូ បានលើកឡើងដោយលើកមុខមាត់របស់ខ្លួននោះទេ” ៕
ដោយ៖ម៉ៅ បុប្ផាមករា