ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ជំរុញឲ្យរុស្ស៊ីនិងអ៊ុយក្រែន រកគ្រប់មធ្យោបាយ ឈានដល់ការរក្សាបាននូវភាព ស្ងប់ស្ងាត់ ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន

គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃពុធបានទទួលការហៅទូរស័ព្ទពីសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពី “ការវិវត្តនៃវិបត្តិអ៊ុយក្រែន” ។

អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានពន្យល់ប្រាប់លោក Sisi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃការចរចាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត ក្នុងគោលបំណង ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។

ក្នុងអំឡុងពេលសន្ទនាប្រធានាធិបតីអេហ្ស៊ីប “បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយគ្រប់មធ្យោបាយដែលនាំទៅរកភាពស្ងប់ស្ងាត់ និងដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះ”។

លោក Sisi ក៏បានសង្កត់ធ្ងន់ទៅលើភាពខ្នះខ្នែងរបស់ប្រទេសអេហ្ស៊ីបក្នុងការខិតខំប្រឹងប្រែងទាំងអស់ មិនថាក្នុងកម្រិតទ្វេភាគី តំបន់ ឬកម្រិតអន្តរជាតិ ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិ នេះបើយោងតាមប្រធានាធិបតីអេហ្ស៊ីប។

ជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែល កំពុង បន្ត កើត ឡើង នៅ ថ្ងៃទី២៤ ខែ កុម្ភៈ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យ “ប្រតិបត្តិការយោធាពិសេស” ប្រឆាំងនឹងអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top