ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រៀម១០០ភាគរយ ដើម្បីផ្តល់ទម្រង់ នៃការធានាសន្តិសុខមួយ ចំនួនដល់ប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមមន្ត្រី មកពីប្រទេសទាំងពីរ អាល្លឺម៉ង់-អាមេរិក បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ គឺ “១០០ភាគរយ” បានរៀបចំ ដើម្បីផ្តល់នូវទម្រង់ នៃការធានាសន្តិសុខមួយចំនួន ដល់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាល សហរដ្ឋអាមេរិកនៅតែ “កំពុងពិភាក្សា ឥតឈប់ឈរ” ជាមួយរដ្ឋាភិបាល ទីក្រុង គៀវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះ បានកើតឡើងនៅថ្ងៃពុធ បន្ទាប់ពីលេចធ្លាយ សំណើពីកិច្ចចរចាសន្តិភាព រុស្ស៊ី-អ៊ុយក្រែន ហាក់ដូចជាស្នើឱ្យមានការរៀបចំមួយ ដែលទីក្រុងម៉ូស្គូ និងរដ្ឋធានីលោកខាងលិចជាច្រើន នឹងយល់ព្រមសន្យាការពារក្រុងគៀវ ប្រសិនបើប្រទេសនេះ យល់ព្រមរំសាយយោធា ។

លោកស្រី Annalena Baerbock រដ្ឋមន្ត្រីក្រសួង ការបរទេសអាល្លឺម៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋ ARD កាលពីថ្ងៃពុធថា “ទីក្រុងគៀវ អាចពឹងផ្អែកលើការ គាំទ្ររបស់ប្រទេស អាល្លឺម៉ង់ ។ ប្រសិនបើមានការធានាចាំបាច់ នោះអាល្លឺម៉ង់ នឹងនៅទីនោះ ហើយផ្តល់ការធានា” ។ ទីក្រុងប៊ែកឡាំងគឺ “នៅក្នុងសាមគ្គី ភាពពេញលេញ 100%” ជាមួយអ៊ុយក្រែន ។

ចំណែកអធិការបតីអាល្លឺម៉ង់គឺលោក Olaf Scholz ក៏បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃពុធថា ទីក្រុងប៊ែរឡាំងមាន “ឆន្ទៈទូទៅ” ដើម្បីផ្តល់ការធានាសន្តិសុខ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល មិនបានបញ្ជាក់ថា តើវានឹងរួមបញ្ចូល ជំនួយយោធាដែរឬទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top