ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ុយក្រែន៖ អ៊ុយក្រែនបញ្ជូន រថយន្តក្រុងទៅក្រុង Mariupol សម្រាប់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ

អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា កិច្ចខិតខំប្រឹងប្រែងថ្មីៗកំពុង ដំណើរការដើម្បីជម្លៀសជនស៊ីវិល ដែលជាប់ដោយកងកម្លាំងរុស្ស៊ី នៅក្នុងទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានលើកឡើងថា ក្បួនរថយន្តក្រុងអ៊ុយក្រែន ៤៥គ្រឿង កំពុងធ្វើដំណើរទៅកាន់ ទីក្រុងភាគខាងត្បូងដែលត្រូវបាន ឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី ។

លោកស្រី បានលើកឡើងថា គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ហៅកាត់ (ICRC) បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានយល់ព្រម បើកច្រករបៀងមនុស្សធម៌ ទៅកាន់ទីក្រុង Mariupol ។

ជនស៊ីវិលរាប់ម៉ឺននាក់នៅតែនៅទីនោះ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ជាច្រើននៅក្នុងសប្តាហ៍នេះ ។

នៅមុននេះ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទីភ្នាក់ងារជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ និងកាកបាទក្រហម នឹងជួយក្នុងការជម្លៀសជនស៊ីវិល ដែលនឹងចាប់ផ្តើមនៅម៉ោង ១០និង០០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៨និង០០នាទី ម៉ោងសកល ។

ក្រសួងបានឲ្យដឹងថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យ ប្រជាជនធ្វើដំណើរទៅភាគខាងលិច ទៅកាន់ក្រុង Zaporizhzhia តាមរយៈកំពង់ផែ Berdyansk ដែលគ្រប់គ្រងដោយរុស្ស៊ី ។

អ្នកនាំពាក្យរបស់ ICRC បានលើកឡើងថា ក្រុមរបស់ខ្លួនបានត្រៀមខ្លួន រួចជាស្រេចដើម្បីជួយយក ជនស៊ីវិលចេញពី ក្រុងMariupol ចាប់ពីថ្ងៃសុក្រ ប៉ុន្តែលុះត្រាតែភាគីទាំងអស់ យល់ព្រមលើលក្ខខណ្ឌ ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រតិបត្តិការនេះកើតឡើង។ ជីវិតរបស់មនុស្សរាប់ម៉ឺននាក់នៅក្រុង Mariupol ពឹងផ្អែកលើកិច្ចព្រមព្រៀងនោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top