បរទេស៖ កងកម្លាំងរុស្ស៊ីបានបំផ្លាញស្ទើរតែទាំងស្រុង នូវឧស្សាហកម្មការពារជាតិអ៊ុយក្រែន ហើយកំពុង “បញ្ចប់” ជនស៊ីវិលផងដែរ។ នេះបើតាម ទីប្រឹក្សាប្រធានាធិបតី Volodymyr Zelensky លោក Alexey Arestovich បានអះអាង កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអត្ថាធិប្បាយលើជុំចុងក្រោយ នៃការចរចារវាងក្រុងកៀវ និងទីក្រុងមូស្គូ ដែលបានធ្វើឡើង នៅដើមសប្តាហ៍នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី លោក Arestovich បានគូសបញ្ជាក់ថា “ការឈ្លានពានយោធាទ្រង់ទ្រាយធំ និងកិច្ចព្រមព្រៀងសន្តិភាព គឺតែងតែមានការសម្របសម្រួល រវាងភាគីនានា” ។
លោកបានពន្យល់ថា «ដោយសារតែភាគីទាំងសងខាង ទទួលរងការខាតបង់។ បើអ្នកគិតថាយើងមិនខាតបង់ទេ នោះអ្នកយល់ខុសយ៉ាងខ្លាំង។ ពួកគេបានបំផ្លាញឧស្សាហកម្មយោធា របស់យើងយ៉ាងជាក់ស្តែង ហើយក្នុងវិធីជាច្រើន កំពុងបញ្ចប់វា។ ហើយតាមរបៀបជាច្រើន ពួកគេកំពុងបញ្ចប់ជនស៊ីវិល ដោយចេតនាបំផ្លាញវា»៕ ប្រែសម្រួលៈ ណៃ តុលា