សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦៤,១៧១ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៣,៦៣៩,៩១៥ករណី។
ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានធ្លាក់ចុះពី ២៨០,២៧៣ករណីកាលពីថ្ងៃមុន ដោយធ្លាក់ចុះក្រោម ៣០០,០០០ករណី សម្រាប់រយៈពេលពីរថ្ងៃ ជាប់គ្នា នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA)។
ការរីករាលដាលនៃទម្រង់ឆ្លងថ្មីអូមីក្រុង ដែលជាមេរោគឆ្លងខ្លាំង និងប្រភេទ BA.2 បានជំរុញឱ្យមានការកើនឡើងថ្មីជាពិសេស នៅក្នុងតំបន់ទីក្រុងសេអ៊ូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងចំណោមករណីថ្មី ៤៨,៦៧៣ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ៧១,៥២៥ករណីនិង ១៤,២៨១ករណី រៀងគ្នា។
គួរបញ្ជាក់ថា មេរោគនេះក៏រីករាលដាល នៅក្នុងតំបន់មិនមែន ទីប្រជុំជនផងដែរ។ ចំនួននៃការឆ្លងថ្មីនៅក្នុង តំបន់មិនមែនរាជធានីគឺ ១២៩,៦២៤ករណី ឬ ៤៩,១ ភាគរយនៃការឆ្លងក្នុងស្រុកសរុប ៕
ប្រែសម្រួល ឈូក បូរ៉ា