ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន លោក Zhao Kezhi បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយភាគីផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈមនានាផ្នែកសន្តិសុខ និងរួមគ្នាការពារសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។
លោក Zhao បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំបិទទ្វារកម្រិតខ្ពស់លើកទីពីរនៃកិច្ចសន្ទនាសន្តិសុខអ៊ីស្លាម៉ាបាដ ដែលរៀបចំដោយប្រទេសប៉ាគីស្ថាន ដែលជាកន្លែងដែលលោក បានថ្លែងសុន្ទរកថាសំខាន់តាមរយៈវីដេអូពីទីក្រុងប៉េកាំង។
លោក Zhao បានកត់សម្គាល់ថា នៅចំពោះមុខស្ថានការណ៍សន្តិសុខអន្តរជាតិ និងក្នុងតំបន់ដ៏ស្មុគស្មាញ និងចលាចលនាពេលបច្ចុប្បន្ន គោលគំនិតសន្តិសុខថ្មី ដែលបង្ហាញពីសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាពមានសារៈសំខាន់ និងមានតម្លៃក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅអាស៊ី។
ប្រទេសចិន មានឆន្ទៈក្នុងការតស៊ូមតិយ៉ាងសកម្ម និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវចក្ខុវិស័យថ្មីនៃសន្តិសុខ ធ្វើការជាមួយភាគីផ្សេងទៀត ដើម្បីទប់ទល់នឹងហានិភ័យសន្តិសុខ និងបញ្ហាប្រឈមនានា រួមគ្នាការពារសន្តិសុខ និងស្ថិរភាពនៅអាស៊ី និងលើកកម្ពស់ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕ប្រែសម្រួល ឈូក បូរ៉ា