ប៉េកាំង៖ ចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ហើយរឿងតែមួយគត់ដែលចិន ចង់បានគឺសន្តិភាពនៅអ៊ុយក្រែន នេះបើតាមការលើកឡើងរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។
លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kuleba បានប្រាប់លោក វ៉ាង យី អំពីស្ថានភាពរុស្ស៊ី-អ៊ុយក្រែន ដោយក្នុងនោះលោកបានលើកឡើងថា ប្រទេសចិន គឺជាប្រទេសដ៏អស្ចារ្យមួយ ដែលតស៊ូមតិគោលការណ៍ទាំងប្រាំនៃការរួមរស់ដោយសន្តិភាព ហើយដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការការពារសន្តិភាព។
លោកបានបន្ថែមថា អ៊ុយក្រែន មានបំណងចង់រក្សាទំនាក់ទំនងជាមួយប្រទេសចិន ហើយសង្ឃឹមថា ប្រទេសចិន នឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបានបទឈប់បាញ់នៅក្នុងប្រទេសរបស់លោក។
លោក វ៉ាង យី បានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ុយក្រែន និងគ្រប់វិស័យនៃសង្គមក្នុងការជួយដល់ការជម្លៀសពលរដ្ឋចិន ដោយសុវត្ថិភាពពីអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា មេដឹកនាំចិន និងរដ្ឋាភិបាលចិនបានវាយតម្លៃខ្ពស់ ចំពោះសុវត្ថិភាពរបស់ពលរដ្ឋចិននៅក្រៅប្រទេសគ្រប់រូប៕
ប្រែសម្រួល ឈូក បូរ៉ា