ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ទីក្រុងមូស្គូសង្ឃឹមថា ទីក្រុងគៀវនឹងធ្វើតាមផលប្រយោជន៍ជាតិរបស់ខ្លួន នៅក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែមិនស្តាប់ “ទីប្រឹក្សា” ពីចម្ងាយនោះទេ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “វាមិនមែនជាការពិភាក្សា ដែលមានឥទ្ធិពលលើដំណើរការនៃប្រតិបត្តិការនោះទេ ប៉ុន្តែ “អ្នកលេង” ខាងក្រៅ ដែលព្យាយាមរារាំង ការចរចាទាំងនេះ និង រក្សាការប៉ះទង្គិច “នៅលើដី” ឱ្យបានយូរតាមដែលអាចធ្វើទៅបាន” ដែលធ្វើឡើង នៅក្នុងកិច្ចពិភាក្សាជាមួយតំណាង សម្ព័ន្ធអារ៉ាប់ (AL) ស្តីពីអ៊ុយក្រែន នេះបើយោងតាមសេចក្តី ថ្លែងការណ៍ចេញផ្សាយ ដោយក្រសួងការបរទេសរុស្ស៊ី។
លោកបានលើកឡើងថា “យើងដឹងថា អ្នកណាជាអ្នកផ្តល់ដំបូន្មាន” បែបនេះដល់ប្រទេសជិតខាង អ៊ុយក្រែន របស់យើង។ នេះត្រូវបានធ្វើដោយគោល ដៅគ្មានប្រយោជន៍ ដែលមិនពាក់ព័ន្ធនឹង ផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន សន្តិសុខអ៊ុយក្រែន សន្តិសុខក្នុងតំបន់នៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅ អឺរ៉ុប និង ក្នុង តំបន់ អឺរ៉ុប របស់ យើង” ។
លោកបន្ថែមថា “ខ្ញុំសង្ឃឹមថា អ្នកដែលដឹកនាំគណៈប្រតិភូក្រុងគៀវ ក្នុងកិច្ចពិភាក្សានេះ នឹងចាប់ផ្តើមដឹកនាំដោយផលប្រយោជន៍ជាតិផ្ទាល់ខ្លួន ផលប្រយោជន៍ប្រជាជនរបស់ពួកគេ ប៉ុន្តែមិនស្តាប់ ‘ទីប្រឹក្សា’ ពីចម្ងាយ ដែលពេលខ្លះគ្រាន់តែចង់ឃើញពីវិបត្តិ។ លោក Lavrov បានលើកឡើងថា ស្ថានភាពនឹងបន្តកើនឡើង។
លោករដ្ឋមន្ត្រីក៏បានសម្តែង នូវការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងបន្តជូនដំណឹង ដល់សហការីក្នុង AL អំពីការវិវត្តនៃស្ថានការណ៍ផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។
គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋមន្ត្រីអារ៉ាប់ដឹកនាំដោយលោក Ahmed Aboul-Gheit អគ្គលេខាធិការនៃ AL បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា