តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការ បរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក ទទួលខុសត្រូវ ចំពោះការបញ្ឈប់កិច្ចចរចានៅទីក្រុងវីយែន ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។
លោក Saeed Khatibzadeh បានលើកឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា អ៊ីរ៉ង់បានបញ្ជូនសារ “ច្បាស់លាស់” របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក តាមរយៈលោក Enrique Mora អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានៅទីក្រុងវីយែន ប៉ុន្តែមិនទាន់មានការឆ្លើយតបថ្មីណាមួយត្រូវបានទទួលពីពួកគេនៅឡើយទេ។
លោកបានកត់សម្គាល់ថា “វ៉ាស៊ីនតោន មិនទាន់ធ្វើការសម្រេចចិត្តលើបញ្ហាដែលនៅសេសសល់នោះទេ។ យើងមិនរង់ចាំជារៀងរហូតនោះទេ។ សហរដ្ឋអាមេរិក គួរតែធ្វើការសម្រេចចិត្តផ្នែកនយោបាយរបស់ខ្លួន” ។
លោក Khatibzadeh បានបន្ថែមថា “សហរដ្ឋអាមេរិក ទទួលខុសត្រូវចំពោះការផ្អាកនៅក្នុងការចរចានៅថ្ងៃនេះ ដូចនៅដំណាក់កាលចុងក្រោយនៃកិច្ចពិភាក្សា ទីក្រុងវ៉ាស៊ីនតោនព្យាយាមរារាំងទីក្រុងតេអេរ៉ង់ ពីអត្ថប្រយោជន៍សេដ្ឋកិច្ចនៃ JCPOA”៕ ប្រែសម្រួល ឈូក បូរ៉ា