បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ឡាតវី លោក Artis Pabriks បាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិក អាចបិទព្រំដែនគោករបស់ពួកគេជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Diena ថ្ងៃអង្គារ លោក Pabriksរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ឡាតវី បាននិយាយថា លទ្ធភាពនៃការបិទព្រំដែនគឺជា “បញ្ហាដែលត្រូវពិចារណា” ប៉ុន្តែវាគួរតែត្រូវបានធ្វើឡើង សម្រាប់ជាវិធានការរួមគ្នាដោយរដ្ឋបាល់ទិកទាំងបី។
លោកថា “ខ្ញុំមិនឃើញលទ្ធភាពដែលរដ្ឋបាល់ទិកមួយអាចធ្វើវាតែម្នាក់ឯងបានទេ ប៉ុន្តែសម្រាប់អ្នករាល់គ្នាជាទូទៅ វាពិតជាបញ្ហាដែលត្រូវពិចារណា»។ Pabriks កំពុងបន្ទរសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាងគឺប្រទេសលីទុយអានី ដែលជាប្រទេសដែលមានព្រំប្រទល់ជាប់តែតំបន់ Kaliningrad ហើយមិនដូចប្រទេស ឡាតវី និង ប្រទេសអេស្តូនី ទេ មិនមានព្រំដែនរួមជាមួយនឹងទឹកដីសំខាន់របស់រុស្ស៊ីនោះទេ។
រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ការសម្រេចចិត្តលើការបិទព្រំដែនមិនមែនជារឿងដែលប្រទេសបាល់ ទិកអាចធ្វើដោយខ្លួនឯងបានទេ។ ដូច្នេះ គាត់បានអះអាងថា “ដំណោះស្រាយអឺរ៉ុប ឬតំបន់” គឺត្រូវការចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា