ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចោទអ៊ីរ៉ង់ ពីការបន្ដចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងជំរុញឲ្យមានការបន្ដផែនការ B ប្រឆាំងនឹងក្រុងតេអេរ៉ង់

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា អ៊ីរ៉ង់នៅតែបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយអំពាវនាវសហគមន៍អន្តរជាតិឱ្យមាន “ផែនការ B” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោក Gantz បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយទៅកាន់ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន ៨០ថា “យើងកំពុងប្រកួតប្រជែងនឹងពេលវេលា” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញ ក្នុងនាមរូបលោកផ្ទាល់។

លោក​បាន​បន្ថែម​ថា តាំង​ពី​ខែ​សីហា​មក អ៊ីរ៉ង់​បាន​ប្រែ​ក្លាយ​ពី ១០ គីឡូក្រាម​នៃ​សារធាតុ ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម ៦០ ភាគរយ​ដល់ ៥០ គីឡូក្រាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Gantz បានលើកឡើងថា អ៊ីស្រាអែលចង់បាន “កិច្ចព្រមព្រៀងដ៏ល្អ” ដែលនឹងរួមបញ្ចូលការត្រួតពិនិត្យអន្តរជាតិកាន់តែតឹងរ៉ឹងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ហើយមិនមានកាលបរិច្ឆេទ ផុតកំណត់នោះទេ។

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែលបានបន្ថែមថា “ប៉ុន្តែប្រសិនបើគ្មានកិច្ចព្រមព្រៀងទេនោះ យើងត្រូវដំណើរការផែនការ B – ដើម្បីប្រើប្រាស់កម្លាំង ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច និងសម្ពាធនយោបាយលើទីក្រុងតេអេរ៉ង់”។

លោក Gantz បានប្រាប់ឯកអគ្គរដ្ឋទូតថា អ៊ីស្រាអែល បាននឹងកំពុងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តចាស់ និងថ្មីនៅមជ្ឈិមបូព៌ា រួមទាំងប្រទេសអារ៉ាប់រួម (UAE) និងបារ៉ែន ដែលអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធម្មតាក្នុងឆ្នាំ ២០២០៕

ប្រែសម្រួល ឈូក បូរ៉ា

To Top