ព័ត៌មានអន្តរជាតិ

Update: អាមេរិក ដាក់ទណ្ឌកម្ម ទៅលើក្រុមគ្រួសាររបស់ប្រធានាធិបតី រុស្ស៊ី

៊បរទេស៖ ដោយលើកឡើងពី “អំពើឃោរឃៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងនៅទីក្រុង Bucha” គឺរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានដាក់ចេញនូវទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលរួមមានធនាគារ ក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលកំពូលមួយចំនួនរបស់ប្រទេស ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេតវិមានអាមេរិកថា “ថ្ងៃនេះ សហរដ្ឋអាមេរិក ជាមួយប្រទេស G7 និងសហភាពអឺរ៉ុប នឹងបន្តដាក់បន្ទុកសេដ្ឋកិច្ចធ្ងន់ធ្ងរ និងភ្លាមៗលើរបបលោក ពូទីន ចំពោះអំពើឃោរឃៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន រួមទាំងនៅទីក្រុង Bucha ផងដែរ។ យើងនឹងចងក្រងឯកសារ និងចែករំលែកព័ត៌មានអំពីអំពើឃោរឃៅទាំងនេះ ហើយប្រើប្រាស់យន្តការសមស្របទាំងអស់ ដើម្បីរកអ្នកទទួលខុសត្រូវ” ។

កូនៗរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងភរិយា និងកូនស្រីរបស់រដ្ឋមន្ត្រីការបរទេស Sergey Lavrov ស្ថិតក្នុងចំណោមជនជាតិរុស្សី ដែលបានចុះបញ្ជីនៅក្នុងជុំចុងក្រោយនៃ “ទណ្ឌកម្មទប់ស្កាត់ពេញលេញ” ដែលសេតវិមាននិយាយថា មានបំណងដាក់ “ការចំណាយធ្ងន់ធ្ងរ និងភ្លាមៗ” លើទីក្រុងម៉ូស្គូ។ នាយករដ្ឋមន្ត្រី Mikhail Mishustin និងអតីតប្រធានាធិបតី Dmitry Medvedev ក៏ត្រូវបានដាក់ទណ្ឌកម្មដូចគ្នាដែរ សម្រាប់ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

To Top