បរទេស ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានព្យួរប្រទេសរុស្ស៊ី ពីកៅអីរបស់ខ្លួននៅ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ខណៈដែលពិភពលោក ហៅថា ជាអំពើឃោរឃៅដែលបានប្រព្រឹត្ត នៅក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានណែនាំសំណើនេះកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីមានការចោទប្រកាន់ថា ទាហានរុស្ស៊ីបានធ្វើទារុណកម្ម និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន នៅទីក្រុង Bucha ជាយក្រុងក្បែរទីក្រុង គៀវ។ សាកសព ត្រូវបានគេរកឃើញ បន្ទាប់ពីក្រុងម៉ូស្គូ បានដកទ័ព ចេញពីក្រុង Bucha។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានពណ៌នាអំពីលទ្ធផលដែលលោកបានមើលឃើញដោយផ្ទាល់កាលពីថ្ងៃចន្ទថាជា “អំពើប្រល័យពូជសាសន៍” ហើយបានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាម។
វិមានក្រឹមឡាំងធ្លាប់ បានពណ៌នា សកម្មភាពយោធា របស់ខ្លួនក្នុងប្រទេស អ៊ុយក្រែនថាជា “ប្រតិបត្តិការពិសេស” ហើយបានបដិសេធ មិនកំណត់គោលដៅ លើជនស៊ីវិល ៕
ប្រែសម្រួលៈ ណៃ តុលា