ព័ត៌មានអន្តរជាតិ

ចិន ទាមទារឲ្យលុបចោលជាបន្ទាន់ នូវផែនការទស្សនកិច្ចតៃវ៉ាន់ របស់លោកស្រី Pelosi

ប៉េកាំង៖ ប្រទេសចិន បានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទទូចចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់។

ចិន ជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមទាំងបីរវាង ចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានលើកឡើងថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ត្រូវតែលុបចោលជាបន្ទាន់។

លោកបានលើកឡើងថា ប្រទេសចិន ប្រឆាំងនឹងទម្រង់នៃការផ្លាស់ប្តូរផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដោយបន្ថែមថា តៃវ៉ាន់ជាផ្នែកសំខាន់មួយរបស់ចិន។ សភាអាមេរិក គួរតែគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយចិនតែមួយ ដែលសហរដ្ឋអាមេរិកត្រូវប្រកាន់ខ្ជាប់។

ផ្ទាំងពាណិជ្ជកម្ម

 លោក ចាវ បានសង្កត់ធ្ងន់ថា ចំណាត់ការរបស់លោកស្រី Pelosi ប្រសិនបើសម្រេចបាន នោះនឹងបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ ចិនតែមួយ និងបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិន-អាមេរិក រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ជះឥទ្ធិពលយ៉ាងធំធេងលើមូលដ្ឋាននយោបាយទំនាក់ទំនងចិន-អាមេរិក និងបញ្ជូនសញ្ញាខុសឆ្គងនៃការគាំទ្រកងកម្លាំងផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។

 អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ភ្លាមៗ បញ្ឈប់ការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ជាមួយនឹងសកម្មភាពជាក់ស្តែង៕

To Top