ព័ត៌មានអន្តរជាតិ

Update: អ្នកនាំពាក្យវិមានក្រឹមឡាំងសង្ឃឹមថា ប្រតិបត្តិការយោធា នៅអ៊ុយក្រែន អាចនឹងបញ្ចប់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ

បរទេស៖ ទីក្រុងមូស្គូសង្ឃឹមថា ប្រតិបត្តិការយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន អាចនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ដែលប្រហែលជា “នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ” នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍ Sky News កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បានបន្ថែមថា កងទ័ពរបស់ប្រទេសនឹងបញ្ចប់វាដោយការសម្រេចបាននូវគោលដៅយោធារបស់ពួកគេ ឬទីក្រុងម៉ូស្គូ និងទីក្រុងគៀវ នឹងឈានដល់កិច្ចព្រមព្រៀងមួយតាមរយៈការចរចា។

លោក Peskov បានបន្ថែមថា ការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពនឹងពឹងផ្អែកភាគច្រើនលើ “ភាពជាប់លាប់” នៃជំហររបស់អ៊ុយក្រែន និងឆន្ទៈក្នុងការយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី។ លោកបានកត់សម្គាល់ជាពិសេសថា អ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនៅ Donbass គួរតែត្រូវបាននាំមកកាត់ទោស។

នៅពេលត្រូវបានសួរអំពីការចោទប្រកាន់ដែលធ្វើឡើងដោយទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូជុំវិញការចោទប្រកាន់ថាបានសម្លាប់ជនស៊ីវិលនៅជិតទីក្រុងគៀវ លោក Peskov បានអះអាងថាការអះអាងបែបនេះគឺគ្មានអ្វីក្រៅពី “ក្លែងក្លាយ” ៕ប្រែសម្រួលៈ ណៃ តុលា

To Top