ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ីសោកស្ដាយ ចំពោះការខាតបង់ ដ៏សម្បើម ខណៈអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ ការវាយលុកដ៏ធំ

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា រុស្ស៊ី បានផ្តល់ការវាយតម្លៃ ដ៏គួរឲ្យសោកស្តាយបំផុត រហូតមកដល់ពេលនេះ នៃការលុកលុយអ៊ុយក្រែន របស់ខ្លួន ដោយបានពណ៌នាអំពី “សោកនាដកម្ម” នៃការខាតបង់កងទ័ពកើនឡើង និងផលប៉ះពាល់សេដ្ឋកិច្ច ពីការដាក់ទណ្ឌកម្ម ខណៈដែលប្រជាជនអ៊ុយក្រែន ត្រូវបានជម្លៀសចេញ ពីទីក្រុងភាគខាងកើត នៅមុនពេលការវាយលុកដ៏ធំ ដែលត្រូវបានគេរំពឹងទុក ។

សម្រាប់ការលុកលុយ រយៈពេល៦សប្តាហ៍ របស់ទីក្រុងម៉ូស្គូ បានធ្វើឱ្យមនុស្សជាង៤លាននាក់ ភៀសខ្លួនទៅក្រៅប្រទេស បង្កឲ្យបាត់បង់ជីវិត ឬរងរបួសរាប់ពាន់នាក់ ដោយបន្សល់ទុក១/៤ នៃប្រជាជនគ្មានផ្ទះសម្បែង ប្រែក្លាយទីក្រុង ទៅជាគំនរបាក់បែក និងនាំទៅដល់ភាពឯកោស្ទើរតែទាំងស្រុង របស់រុស្ស៊ី នៅលើឆាកពិភពលោក ។

នៅក្នុងសកម្មភាពជានិមិត្តរូប មហាសន្និបាតអង្គការសហប្រជាជាតិ បានព្យួរប្រទេសនេះពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្ស និងមនុស្សធម៌ដែលកំពុងបន្ត” ។ បន្ទាប់មករុស្ស៊ី បានលាលែងពីក្រុមប្រឹក្សា ។

រុស្ស៊ីធ្លាប់បានទទួលស្គាល់ថា ការវាយប្រហាររបស់ខ្លួនមិនមានដំណើរការលឿនដូចដែលខ្លួនចង់បាននោះទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទួញសោកចំពោះការកើនឡើងចំនួនអ្នកស្លាប់ ។

គាត់បានប្រាប់ Sky News ថា “យើងមានការខាតបង់ យ៉ាងច្រើននៃកងទ័ព” ។ “វាជាសោកនាដកម្ម ដ៏ធំមួយ សម្រាប់យើង”៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top