គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ហៅកាត់(EU) លោក Josep Borrell ទៅកាន់ទីក្រុងគៀវ ដើម្បីជាសញ្ញានៃការគាំទ្រសម្រាប់អ៊ុយក្រែន ដែលជារដ្ឋមួយ ។ ទីភ្នាក់ងារព័ត៌មាន Ukrinform បានរាយការណ៍ឲ្យដឹងដូច្នេះ ។
លោក Zelensky បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក von der Leyen និង Borrell ក្នុងទីក្រុង គៀវកាលពីថ្ងៃសុក្រថា “នេះគឺជាសញ្ញាដ៏ខ្លាំងមួយដែលអ៊ុយក្រែន និងសហភាពអឺរ៉ុបនៅជាមួយគ្នា” ។
លោក Zelensky បានថ្លែងអំណរគុណដល់មន្ត្រីអឺរ៉ុបដែលបានមកអ៊ុយក្រែនក្នុងគ្រាលំបាក និងសម្រាប់ដំណើរទស្សនកិច្ចនៅទីក្រុង Bucha នៅខាងក្រៅទីក្រុង គៀវ ជាកន្លែងដែលជនស៊ីវិលដែលត្រូវបានសម្លាប់រាប់រយនាក់ត្រូវបានគេចោទប្រកាន់ថាបានរកឃើញបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញ ។
លោក Von der Leyen បានថ្លែងថា អ៊ុយក្រែនត្រូវបានស្វាគមន៍នៅក្នុងគ្រួសារអឺរ៉ុប ហើយបានប្រគល់កម្រងសំណួរទៅ លោក Zelensky ដែលការបញ្ចប់នេះគឺជាជំហានចាំបាច់សម្រាប់ការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុប ។
លោក von der Leyen បានលើកឡើងថា “យើងនៅជាមួយអ្នកនៅក្នុងក្តីសុបិន្តរបស់អ្នកនៃទ្វីបអឺរ៉ុប ។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនមានកន្លែងនៅក្នុងគ្រួសារអឺរ៉ុប” von der Leyen បានថ្លែងដូច្នេះ ។
ដោយឡែកលោក Borrell បានថ្លែងថា EU នឹងគាំទ្រអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ក្នុងការផ្តល់ការបណ្តុះបណ្តាល និងឧបករណ៍ដើម្បីគាំទ្រដល់ការស៊ើបអង្កេតលើការសម្លាប់រង្គាល Bucha ។
លោក Von der Leyen និង Borrell បានទៅដល់ទីក្រុងគៀវកាលពីព្រឹកថ្ងៃសុក្រ សម្រាប់ដំណើរទស្សនកិច្ចមួយ ដែលនេះជាដំណើរលើកដំបូងរបស់មន្ត្រីកំពូលរបស់សហភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា