ព័ត៌មានអន្តរជាតិ

តម្លៃម្ហូបអាហារ នៅលើពិភពលោក កើនឡើងដល់កម្រិតខ្ពស់បំផុត ដោយសារជម្លោះរុស្ស៊ី និង អ៊ុយក្រែន

រ៉ូម ៖ តម្លៃទំនិញស្បៀងអាហារ ពិភពលោកបានលោតផ្លោះឡើងតម្លៃ គួរឱ្យកត់សម្គាល់ក្នុងខែមីនា ដោយឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តជំរុញឱ្យថ្លៃថាមពល និងបណ្តាលឱ្យ មានការធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់។

សន្ទស្សន៍តម្លៃម្ហូបអាហារប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើង ១២,៦ ភាគរយ ដើម្បីឈានដល់ ១៥៩,៣ ពិន្ទុក្នុងខែមីនាធៀប នឹងកម្រិតមូលដ្ឋាន ១០០ ពិន្ទុសម្រាប់មធ្យមភាគក្នុងឆ្នាំ២០១៤-២០១៦ (កែតម្រូវ សម្រាប់អតិផរណា) ។

នេះគឺជាចំនួន សរុបខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ នៃសន្ទស្សន៍ ដែលត្រូវបានដាក់ ឱ្យដំណើរការ ក្នុងទម្រង់ បច្ចុប្បន្នរបស់វាក្នុង ឆ្នាំ១៩៩០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រភេទរងទាំង៥ នៅក្នុងសន្ទស្សន៍ បានកើនឡើង ដោយតម្លៃគ្រាប់ធញ្ញជាតិ និងធញ្ញជាតិ ដែលជាសមាសធាតុធំបំផុតនៅក្នុងសន្ទស្សន៍ កើនឡើង ១៧,១ភាគរយដ៏គួរឱ្យភ្ញាក់ផ្អើល ។ FAO បានឲ្យដឹងថា កត្តាចម្បងនៅពីក្រោយ ការកើនឡើងនេះគឺថា រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផលិតស្រូវសាលី និងគ្រាប់ធញ្ញជាតិធំៗ ហើយតម្លៃសម្រាប់ទាំងនេះបានកើនឡើង ដោយសារតែជម្លោះ។

អង្គការ FAO បាន ឲ្យដឹងទៀតថា ការព្រួយបារម្ភ លើស្ថានភាព ដំណាំនៅសហរដ្ឋអាមេរិក ក៏ជាកត្តា មួយផងដែរ។ ចំណែក ឯតម្លៃ អង្ករវិញ ភាគច្រើន មិន មានការប្រែប្រួលនោះទេ បើធៀបនឹង ខែកុម្ភៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top