ព័ត៌មានអន្តរជាតិ

Updated ៖ រុស្ស៊ី ចាប់ផ្តើមរង្គោះរង្គើ ការដឹកនាំយោធា របស់ខ្លួន ក្នុងសង្គ្រាម នៅអ៊ុយក្រែន

បរទេស ៖ ទូរទស្សន៍ BBCបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីលោកខាងលិច បានលើកឡើងថា ឧត្តមសេនីយរុស្ស៊ីម្នាក់ ដែលមានបទពិសោធន៍ ជាច្រើន នៅក្នុងប្រទេសស៊ីរី ត្រូវបានដាក់ឱ្យទទួលខុសត្រូវ លើប្រតិបត្តិការ របស់ទីក្រុងម៉ូស្គូ នៅទឹកដីអ៊ុយក្រែន។

រុស្ស៊ី ត្រូវបានគេជឿថា បានរៀបចំឡើងវិញ នូវភាពជាអ្នកដឹកនាំយោធា របស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន ដោយឧត្តមសេនីយ៍ Alexander Dvornikov ត្រូវបានផ្តល់ឲ្យទទួលបន្ទុករួម ។

អ៊ុយក្រែន បានឲ្យដឹងថា មនុស្សយ៉ាងតិច៥០នាក់បានស្លាប់ និង រាប់សិបនាក់បានរងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែត បានវាយប្រហារ មកលើស្ថានីយរថភ្លើង នៅក្នុងទីក្រុង Kramatorsk ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានស្តីបន្ទោសរុស្ស៊ី ដោយហៅប្រទេសនេះថា ជាអ្នកប្រព្រឹត្ត “អំពើឃោរឃៅ” ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធ ពីការជាប់ពាក់ព័ន្ធក្នុងរឿងនេះ ។

កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយលុក របស់ពួកគេនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីដកខ្លួនចេញពីភាគខាងជើង ។

ទីក្រុងនានានៅទីនោះបានទទួល រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីសំណាក់រុស្ស៊ី ដែលជំរុញឱ្យមានការភៀសខ្លួន ជនស៊ីវិលនិងស្វែងរកសុវត្ថិភាពបន្ថែមទៀត នៅភាគខាងលិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top