ព័ត៌មានអន្តរជាតិ

ប្រមុខរដ្ឋាភិបាល ស្រមោលមីយ៉ាន់ម៉ា ប្រចាំនៅជប៉ុន អំពាវនាវឱ្យមានសាមគ្គីភាព

តូក្យូ ៖ ប្រធានថ្មី នៃអង្គការគាំទ្រ លទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា នៅប្រទេសជប៉ុន បានអំពាវនាវឱ្យប្រជាជន របស់ខ្លួនរួមគ្នា ដើម្បីរដ្ឋាភិបាលស្រមោល របស់ប្រទេសអាស៊ីអាគ្នេយ៍ ដែលបានបង្កើតឡើង បន្ទាប់ពីការធ្វើរដ្ឋប្រហារ ដោយយោធា កាលពីជាងមួយឆ្នាំមុន។

លោក Saw Ba Hla Thein ប្រធានការិយាល័យតំណាង ជប៉ុន សម្រាប់រដ្ឋាភិបាលរួបរួមជាតិ បានឲ្យដឹង មុនពេលប្រារព្ធ ពិធីសូត្រធម៌នៅព្រឹត្តិការណ៍ រៃអង្គាសថវិកានៅកណ្តាលទីក្រុងថា “សូមចងចាំមនុស្ស ដែលបាត់បង់ជីវិត របស់ពួកគេតាមរយៈចលនាប្រជាធិបតេយ្យ” ។

ដោយបានធ្វើការលើបញ្ហា សិទ្ធិមនុស្សអស់រយៈពេលជាច្រើនឆ្នាំ លោក Saw Ba Hla Thein ជនជាតិភាគតិចការ៉ែន របស់មីយ៉ាន់ម៉ា បានលើកឡើងថា “ខ្ញុំពិតជាចង់ឱ្យប្រជាជន នៅក្នុងប្រទេសជប៉ុនគាំទ្រ NUG និង ការិយាល័យប្រទេសជប៉ុនរបស់ខ្លួន” នៅក្នុងការបង្ហាញខ្លួន ជាសាធារណៈលើកដំបូង របស់លោកចាប់តាំងពីការឡើង កាន់តំណែងកំពូល កាលពីក្នុងខែកុម្ភៈ។

NUG កំពុងបង្កើនកិច្ចខិត ខំប្រឹងប្រែង របស់ខ្លួនដើម្បីទទួលបានការទទួលស្គាល់ថា ជាស្ថាប័នគ្រប់គ្រងស្រប ច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស ដែលឥឡូវនេះ ត្រូវបានគ្រប់គ្រងដោយយោធា បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ នៃលទ្ធិប្រជាធិបតេយ្យ ពាក់កណ្តាល ។

គួរបញ្ជាក់ថា NUG បានបង្កើតការិយាល័យនៅក្នុងប្រទេសជាច្រើននៅក្រៅប្រទេសមីយ៉ាន់ម៉ា រួមទាំងអូស្ត្រាលី សាធារណរដ្ឋឆែក បារាំង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

បង្កើតឡើងពីរខែក្រោយ រដ្ឋប្រហារ នៅខែកុម្ភៈកាលពីឆ្នាំ មុន NUG ភាគច្រើន មានសមាជិក នៃគណបក្ស សម្ព័ន្ធជាតិ ដើម្បី ប្រជាធិបតេយ្យ ដែលដឹកនាំ ដោយ លោកស្រីអ៊ុនសាន ស៊ូជី ។

គណបក្សនេះបានឈ្នះអាសនៈ ភាគច្រើន នៅក្នុងសភាក្នុងការបោះឆ្នោតសកលឆ្នាំ២០២០ មុនពេលត្រូវបានបង្ខំ ឱ្យចេញពីការដឹកនាំ របស់ប្រទេសដោយរបបយោធា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top