តេអេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឲ្យដឹងថា ការចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ត្រូវតែនាំទៅរកការធានា ផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រ របស់សភា។
សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីលោក Qalibaf ដែលបានឲ្យដឹងក្នុងអំឡុង ពេលបើកសម័យប្រជុំសភាថា វឌ្ឍនភាព នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ គឺជាការគាំទ្រដ៏រឹងមាំ សម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ចរបស់ប្រជាជនអ៊ីរ៉ង់ ហើយការចរចានុយក្លេអ៊ែរគួរតែនាំទៅរក “ផលប្រយោជន៍សេដ្ឋកិច្ចដែលធានា និរន្តរភាព និងជាក់ស្តែង” សម្រាប់ប្រជាជនអ៊ីរ៉ង់ ។
លោក Qalibaf បានធ្វើការកត់សម្គាល់នេះ ដើម្បីរំលឹកដល់ទិវាជាតិ បច្ចេកវិទ្យា នុយក្លេអ៊ែរ នៅថ្ងៃសៅរ៍ ដោយក្នុងនោះលោកបានលើកឡើងថា ការធ្វើមូលដ្ឋានីយកម្មនៃឧស្សាហកម្មនុយក្លេអ៊ែរ បានធ្វើឱ្យប្រសើរឡើង នូវអំណាចចរចា របស់អ្នកការទូតអ៊ីរ៉ង់ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន។
លោកបានកត់សម្គាល់ថា “ឥឡូវនេះយើងសង្ឃឹមថា ទ្រព្យសម្បត្តិដ៏មានតម្លៃ នៃចំណេះដឹង និងបច្ចេកវិទ្យា នុយក្លេអ៊ែរកម្រិតខ្ពស់ រួមជាមួយនឹងការចរចាដ៏ល្អ នឹងនាំឱ្យមានកិច្ចព្រមព្រៀងដ៏ល្អ សម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ចរបស់ប្រជាជន អ៊ីរ៉ង់” ។
លោកបន្ដថា មួយថ្ងៃមុននេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វឌ្ឍនភាពរបស់ប្រទេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នុយក្លេអ៊ែរ ដោយសន្តិវិធី គឺមិនអាចត្រឡប់ក្រោយវិញ បាននោះទេ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីអូទ្រីស រវាងប្រទេសអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ គឺប្រទេសចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា