ព័ត៌មានអន្តរជាតិ

កាសែតអាមេរិក Wall Street Journal៖ ចិនបង្កើនអាវុធនុយក្លេអ៊ែ ដើម្បីទប់ស្កាត់ការគំរាមកំហែង របស់អាមេរិក

បរទេស៖ កាសែត Wall Street Journal របស់អាមេរិក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសចិនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Wall Street Journal គឺមេដឹកនាំចិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនេះ តាំងពីយូរយារណាស់មកហើយ មុនពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែនទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ចុងក្រោយនៅអឺរ៉ុប ក៏ដូចជាវោហាសាស្ត្រប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាកោះតៃវ៉ាន់ បានជំរុញឱ្យកម្មវិធីមានការពន្លឿនដំណើរការ។ សារព័ត៌មានឈានដល់ការសន្និដ្ឋានទាំងនេះដោយផ្អែកលើព័ត៌មានដែលទទួលបានពីប្រភពអនាមិកដែល “ធ្វើការជាមួយភ្នាក់ងារផ្សេងៗដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ” នៅក្នុងប្រទេសចិន ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ “ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការកំណត់គោលនយោបាយនុយក្លេអ៊ែ” នោះទេ៕

To Top