ព័ត៌មានអន្តរជាតិ

បន្តរកឃើញ សាកសពរាប់សិបនាក់ ក្នុងប្រឡាយ នៅភូមិ Buzova ក្បែរទីក្រុង Bucha ក្រោយកងទ័ពរុស្ស៊ី ដកចេញ

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ផ្នូរមួយដែលមានជនស៊ីវិលអ៊ុយក្រែនរាប់សិបនាក់ ត្រូវបានរកឃើញនៅក្នុងភូមិ Buzova ក្បែរទីក្រុងគៀវ ក្នុងប្រទេសអ៊ុយក្រែន នៅចុងសប្តាហ៍នេះ ដែលជាការរកឃើញចុងក្រោយបំផុត បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកថយពីការវាយលុក របស់ពួកគេលើរដ្ឋធានី ហើយប្តូរការវាយលុក របស់ពួកគេទៅភាគខាងកើតវិញ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ភូមិ Buzova ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Bucha ជាកន្លែងដែលជនស៊ីវិលរាប់សិបនាក់ត្រូវបានគេរកឃើញថា បានស្លាប់បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញនៅចុងខែមីនា។

លោក Taras Didych ប្រធានសហគមន៍ Dmytrivka ដែលរួមមានភូមិ Buzova និងភូមិជាច្រើនផ្សេងទៀតដែលនៅក្បែរនោះ បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា សាកសពត្រូវបានរកឃើញនៅក្នុងប្រឡាយ ក្បែរស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នេះបើយោងតាមសារព័ត៌មាន Reuters ។ ចំនួនអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top