ព័ត៌មានអន្តរជាតិ

កាសែតបារាំង Le Figaro៖ អាមេរិក និងអង់គ្លេស កំពុងដឹកនាំសង្គ្រាមសម្ងាត់ នៅអ៊ុយក្រែន

បរទេស៖ កងកម្លាំងជ្រើសរើស ពិសេមកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ជាមួយរុស្ស៊ីកាលពីចុងខែកុម្ភៈ។ នេះបើតាមប្រភពមួយ ក្នុងសហគមន៍ស៊ើបការណ៍បារាំង បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានរបស់កាសែត Le Figaro កាលពីសប្តាហ៍មុន។ 

យោងតាមសារព័ត៌មាន RT ចេញផ្សយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការអះអាងនេះ ត្រូវបានរាយការណ៍ដោយអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិជាន់ខ្ពស់ របស់កាសែត Le Figaro គឺលោក  Georges Malbrunot កាលពីថ្ងៃសៅរ៍ ជាថ្ងៃដែលនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ មេដឹកនាំអង់គ្លេសត្រូវបានគេរាយការណ៍ថា បានឡោមព័ទ្ធដោយឆ្មាំ ពីកងកម្លាំងជ្រើសរើសពិសេស SAS ទោះបីជាការអះអាងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។

លោក Malbrunot បានសរសេរនៅលើ Twitter ដោយដកស្រង់ប្រភពចារកម្មបារាំងថា អង្គភាព SAS “មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំង ពីការចាប់ផ្តើមនៃសង្រ្គាម ដូចដែលបានធ្វើដោយ American Deltas” ។ លោកបានបន្ថែមថា យោងតាមប្រភពរុស្ស៊ីបានដឹងយ៉ាងច្បាស់អំពី “សង្រ្គាមសម្ងាត់” ប្រឆាំងនឹងកងទ័ពរបស់ខ្លួន ដោយកងកុម្ម៉ង់ដូបរទេស។ កាសែត Le Figaro រួមបញ្ចូលរបាយការណ៍របស់គាត់ នៅក្នុងការអាប់ដេតរបស់ពួកគេអំពីអ៊ុយក្រែន។ 

អង់គ្លេស និងអាមេរិកស្ថិតក្នុងចំណោមអ្នកគាំទ្រ យោធាសកម្មបំផុតរបស់ក្រុងគៀវ។ តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Johnson បានជំរុញដោយផ្ទាល់ដល់សមភាគី អ៊ុយក្រែនលោក Volodymyr Zelensky ឱ្យបន្តប្រយុទ្ធជាមួយរុស្ស៊ី និងមិនត្រូវដោះស្រាយសន្តិភាព រហូតដល់លក្ខខណ្ឌល្អប្រសើរ ត្រូវបានផ្តល់ជូន៕ ប្រែសម្រួលៈ ណៃ តុលា

To Top