បរទេស៖ កិច្ចពិភាក្សាបិទទ្វារ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអធិការបតីអូទ្រីស លោក Karl Nehammer បានធ្វើឡើងនៅខាងក្រៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ។ គ្មានសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍រួមណាមួយ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ នៅឯគេហដ្ឋានរបស់លោក ពូទីន ហើយគ្មានរូបថត ឬវីដេអូណាមួយត្រូវបាន ផ្សព្វផ្សាយនោះដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Nehammer អធិការបតីអូទ្រីស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អូទ្រីសបន្ទាប់ពីកិច្ចពិភាក្សានេះថា ការចរចាមិនមែនជា “ដំណើរទស្សនកិច្ចមិត្តភាព” ទេ ប៉ុន្តែជា “ដោយផ្ទាល់ បើកចំហ និងពិបាក” ។ លោកបានផ្តល់សញ្ញាថា ការសន្ទនាបានវិលជុំវិញទិដ្ឋភាពមនុស្សធម៌ នៃអរិភាពដែលកំពុងបន្តនៅអ៊ុយក្រែន ។
លោកបន្តថា “នេះមិនមែនជាដំណើរ ទស្សនកិច្ចមិត្តភាពទេ។ ខ្ញុំទើបតែមកពីអ៊ុយក្រែន ហើយបានឃើញផ្ទាល់ភ្នែក នូវទុក្ខវេទនាដែលមិនអាចកាត់ថ្លៃ បានដែលបណ្តាលមកពី សង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ។ លោក Nehammer បាននិយាយថា លោកបានលើកឡើងពី “ឧក្រិដ្ឋកម្មសង្គ្រាម” ដែលបានស្តីបន្ទោសលើកងទ័ពរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំ។
អធិការបតីអូទ្រីសក៏បានបង្ហាញដែរថា លោកបានប្រាប់លោកពូទីនថា ទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលដាក់ដោយ សហភាពអឺរ៉ុបនឹងនៅរក្សាដដែល ហើយថែមទាំងអាចនឹងត្រូវបាន ពង្រឹងបន្ថែមដរាបណាជម្លោះនៅតែបន្ត។ លោក Nehammer បានថ្លែងថា «សហភាពអឺរ៉ុបមានការរួបរួម ជាងពេលណាៗទាំងអស់លើបញ្ហានេះ ៕
ប្រែសម្រួលៈ ណៃ តុលា