ព័ត៌មានអន្តរជាតិ

Update: កងកាម៉ង់ដូរុស្ស៊ី សម្លាប់មេបញ្ជាការ កំពូលរបស់ Neo-Nazi នៅក្នុងប្រទេស អ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ រុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា កងកាម៉ង់ដូរុស្ស៊ី បានសម្លាប់សមាជិក ដ៏លេចធ្លោម្នាក់ នៃក្រុមជាតិនិយមជ្រុល របស់អ៊ុយក្រែន ។ លោក Taras Bobanich ត្រូវបានរដ្ឋាភិបាលទីក្រុងមូស្គូ ចោទប្រកាន់ថា បានបង្កឱ្យជនស៊ីវិល រាប់រយនាក់ស្លាប់ នៅភាគខាងកើតអ៊ុយក្រែន អំឡុងពេលមានអរិភាពក្នុងឆ្នាំ ២០១៤ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី បានពន្យល់ថា ក្រុមអង្កេតយោធា របស់រុស្ស៊ីមួយក្រុម បានសម្លាប់សមាជិកកំពូលរបស់ Neo-Nazi ខណៈដែលកំពុងល្បាត ប្រហែល ៥ គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុង Izium ក្នុងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្សី បន្ថែមថា Taras Bobanich គឺជាមេបញ្ជាការរង នៃអង្គការជាតិនិយម អ៊ុយក្រែន ដែលទទួលខុសត្រូវ សម្រាប់ប្រតិបត្តិការបម្រុង។ យ៉ាងណាក៏ដោយ ក្រសួងមិនបានបង្ហាញពីស្ថានភាពនៃការស្លាប់ របស់ Bobanich ទេ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ The Right Sector បានរាយការណ៍ថា គាត់ត្រូវបានគេសម្លាប់ កាលពីថ្ងៃសុក្រនៅជិត Izium ដោយហៅគាត់ថា ជា “អ្នកជាតិនិយមដ៏អស្ចារ្យ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top