ព័ត៌មានអន្តរជាតិ

Update: រដ្ឋមន្ត្រីសហភាព អឺរ៉ុប បរាជ័យក្នុងការសម្រេច ដាក់ទណ្ឌកម្ម លើវិស័យប្រេង រុស្ស៊ី

ព្រុចសែល៖ តំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខ លោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប មិនបានសម្រេចចិត្ត លើការដាក់ទណ្ឌកម្មផ្តោតលើប្រេង និង ឧស្ម័នរបស់រុស្ស៊ីនោះទេ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបក្នុងប្រទេស លុចសំបួ លោក Borrell បានឲ្យដឹងថា ទោះបីជាមិនមានការសម្រេច ចិត្តក៏ដោយ “គ្មានអ្វីនៅក្រៅតុនោះទេ រួមទាំងការដាក់ទណ្ឌកម្មលើប្រេង និងឧស្ម័ន”។

លោកបានកត់សម្គាល់ថា ទណ្ឌកម្មទាំងនេះនឹងបង្កឱ្យមាន “ការភ្ញាក់ផ្អើលមិនស្មើគ្នា” រវាងបណ្តាប្រទេសសហភាពអឺរ៉ុប ចាប់តាំងពីរដ្ឋសមាជិក អឺរ៉ុបកណ្តាល និងខាងកើត “ពឹងផ្អែកខ្លាំង” លើការនាំចូលថាមពលរបស់រុស្ស៊ី។

លោកបានលើកឡើងថា “យើងបន្តពិភាក្សាអំពីរបៀប អនុវត្តទណ្ឌកម្មទាំងនេះ ដើម្បីបញ្ចៀសនូវចន្លោះប្រហោងណាមួយ។ យើងវាស់ស្ទង់ពីផលប៉ះពាល់ ដែលទណ្ឌកម្មទាំងនេះ កំពុងមានលើសេដ្ឋកិច្ចរុស្ស៊ី ហើយយើងនឹងបន្តពិភាក្សាគ្នា ដើម្បីមើលថា តើមានអ្វីទៀតដែលអាចធ្វើបាន” ។

លោក Borrell បានច្រានចោលការអះអាងរបស់មន្ត្រីរុស្ស៊ី ដែលថា ការខ្វះខាតស្បៀង អាហារកើនឡើង គឺដោយសារការដាក់ ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ ផ្ទុយទៅវិញ លោកបានចោទរុស្ស៊ី ពីបទ «បង្កភាព អត់ឃ្លាន ក្នុង ពិភពលោក» ។

លោកបានបន្ថែមថា “ឈប់ស្តីបន្ទោសទណ្ឌកម្មនេះទៅ វាគឺជាយោធារុស្ស៊ីដែលបណ្តាល ឱ្យមានការខ្វះខាតស្បៀងអាហារ” លោកបានបន្ថែមថា មានកប៉ាល់ជាច្រើនដែលដឹកការនាំចេញកសិកម្ម ដែលមិនអាចចាកចេញពីកំពង់ផែអ៊ុយក្រែន បាននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top