JOHANNESBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ខេត្តមួយរូប បានលើកឡើង នៅថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន២០នាក់ ត្រូវបានសម្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្ត KwaZulu-Natal របស់ប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ។
លោកស្រី Nonala Ndlovu អ្នកនាំពាក្យអភិបាលកិច្ចសហប្រតិបត្តិការ និងកិច្ចការប្រពៃណី បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពី ព្រឹកថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះមនុស្ស២០នាក់ បានបាត់បង់ជីវិត ។ លោកស្រីបានលើកឡើងថា ប៉ូលិសមិនទាន់បានទៅកន្លែងកើតហេតុមួយចំនួននៅឡើយទេ ហើយចំនួនអ្នកស្លាប់ និងអ្នកបាត់ខ្លួនទំនងជាមានការផ្លាស់ប្តូរពីនេះទៀត ។
លោក Kwazulu-Natal សមាជិកក្រុមប្រឹក្សា ប្រតិបត្តិសម្រាប់អភិបាលកិច្ច សហប្រតិបត្តិការ និងកិច្ចការប្រពៃណី Sipho Hlomuka បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ ដល់ខ្សែបណ្តាញអគ្គិសនី នៅក្នុងក្រុងជាច្រើន ។
លោកបានលើកឡើងថា “ក្រុមរបស់យើងនៅតែធ្វើការវាស់វែងទំហំនៃការខូចខាត រហូតមកដល់ពេលនេះ ។ ក្រុមការងារគ្រប់គ្រង គ្រោះមហន្តរាយបាន និងកំពុងជម្លៀសប្រជាជននៅតំបន់ ដែលជួបប្រទះនឹងគ្រោះបាក់ដី ទឹកជំនន់ និងការដួលរលំរចនាសម្ព័ន្ធអគារ និងផ្លូវថ្នល់” ។
លោកបានលើកឡើងថា ទាហានត្រូវបានអញ្ជើញឲ្យជួយជម្លៀស អ្នកដែលលិចដោយទឹកជំនន់ ។
លោកបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋនៅតំបន់ ដែលមានកម្ពស់ខ្ពស់ ជំរុញឱ្យបើកផ្ទះសម្រាប់អ្នកជិតខាង ដែលជាប់គាំង ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។ ផ្លូវជាច្រើនត្រូវបានបិទ ហើយប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យជៀសវាង ការធ្វើដំណើរដែលមិនចាំបាច់។
លោក Hlomuka បានជំរុញឱ្យប្រជាជន ដែលរស់នៅក្នុងតំបន់ទំនាប ឱ្យផ្លាស់ទីទៅតំបន់ ដែលខ្ពស់ជាងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា