ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា ទានហានជើងទឹក របស់អ៊ុយក្រែន ដែលត្រូវបានឡោមព័ទ្ធ នៅក្រុង Mariupol ចំនួន១.០២៦នាក់ សុខចិត្តចុះចាញ់ហើយ

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃពុធទី១៣ ខែមេសានេះថា ទាហានចំនួន១.០២៦នាក់ នៃកងពលតូចម៉ារីនទី៣៦ របស់អ៊ុយក្រែន បានចុះចាញ់នៅទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធ ។

“នៅក្នុងទីក្រុង Mariupol ក្បែរ Ilyich Iron និង Steel Works ជាលទ្ធផលនៃការវាយលុក ដោយជោគជ័យដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងកងជីវពល នៃសាធារណរដ្ឋប្រជាមានិត Donetsk ទាហានអ៊ុយក្រែន១.០២៦នាក់ នៃកងពលតូចម៉ារីនទី៣៦ បានស្ម័គ្រចិត្តដាក់អាវុធចុះចាញ់” ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះ ។

ក្រសួងបានឲ្យដឹងទៀតថា ក្នុងចំណោមទាហានទាំងនោះ មានមន្ត្រី១៦២នាក់ និងស្ត្រី៤៧នាក់។ ជាង១០០នាក់បានរងរបួស ។

មិនមានការអត្ថាធិប្បាយភ្លាមៗ ពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន ដែលទទួលបន្ទុកខាងបុគ្គលិកទូទៅរបស់អ៊ុយក្រែន ឬក្រសួងការពារជាតិនោះទេ ។

ប្រទេសរុស្ស៊ី បានលើកឡើងថា ទាហានអ៊ុយក្រែន ដែលរងរបួសចំនួន១៥១នាក់ ត្រូវបានព្យាបាលនៅនឹងកន្លែង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទីក្រុង Mariupol ។

នៅព្រឹកថ្ងៃពុធ មេដឹកនាំ Chechen លោក Ramzan Kadyrov បានលើកឡើងថា ទាហានម៉ារីនអ៊ុយក្រែន ជាង១.០០០នាក់បានចុះចាញ់នៅ Mariupol ហើយបានជំរុញឱ្យកងកម្លាំង ដែលនៅសេសសល់ដែលប្រមូលផ្តុំ នៅក្នុងរោងម៉ាស៊ីនដែក Azovstal ដើម្បីឲ្យពួកគេចុះចាញ់ដែរ ។

ប្រទេសរុស្ស៊ី ត្រូវបានគេជឿថា កំពុងព្យាយាមតភ្ជាប់តំបន់កាន់កាប់នៅគ្រីមៀ និងតំបន់បំបែកខ្លួន ដែលគាំទ្រដោយទីក្រុងមូស្គូ Donetsk និង Lugansk នៅ Donbas ហើយបានឡោមព័ទ្ធក្រុង Mariupol នៅពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top