ព័ត៌មានអន្តរជាតិ

News Update៖ គ្រោះបាក់ដី និងទឹកជំនន់នៅហ្វីលីពីន ឆក់យកជីវិតមនុស្ស អស់រហូតដល់៦៧នាក់

ហ្វីលីពីន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដី និងទឹកជំនន់នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើង ដល់៦៧នាក់ហើយ គិតត្រឹមថ្ងៃពុធនេះ ជាមួយគ្នានេះដែរ ចំនួនជាច្រើននាក់បានបាត់ខ្លួន និងគួរឱ្យភ័យខ្លាចថា បានស្លាប់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានជីកយកសាកសពបន្ថែមទៀតដោយដៃទទេរបស់ពួកគេ និងចបកាប់ នៅក្នុងភូមិដែលត្រូវបានកប់ក្នុងដី ។

អ្នកស្លាប់ភាគច្រើនដោយសារព្យុះត្រូពិច Megi ដែលជាប្រជុំកោះដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយនៅឆ្នាំនេះ គឺនៅក្នុងខេត្ត Leyte ភាគកណ្តាល ដែលមានគ្រោះបាក់ដីជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញសហគមន៍នេះ ។

លោក Lemuel Traya អភិបាលក្រុង Abuyog បានលើកឡើងថា មនុស្ស១៣នាក់បានស្លាប់ និងប្រហែល១៥០នាក់កំពុងបាត់ខ្លួននៅក្នុងភូមិឆ្នេរសមុទ្រ Pilar ដែលជាផ្នែកមួយនៃក្រុង Abuyog បន្ទាប់ពីមានល្បាប់ភក់ និងដីបានរុញផ្ទះចូលទៅក្នុងសមុទ្រ ហើយបានកប់ភាគច្រើននៃកន្លែងតាំងទីលំនៅដ្ឋាន ។

លោក Traya បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ យើងលែងរំពឹងថា នឹងមានអ្នកនៅរស់រានមានជីវិត”  ដោយបានបន្ថែមថា បុគ្គលិកសង្គ្រោះបន្ទាន់ឥឡូវនេះ បានផ្តោតលើកិច្ចការដ៏លំបាក នៃការយកសាកសពមកវិញ ។

លោកបានលើកឡើងថា មនុស្សប្រហែល២៥០នាក់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសបន្ទាប់ពីត្រូវបាន ជួយសង្គ្រោះដោយទូក បន្ទាប់ពីផ្លូវត្រូវបានកាត់ដោយគ្រោះបាក់ដី ។

អ្នកភូមិមួយចំនួន ក៏កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top