បរទេស៖ រុស្ស៊ីនឹងយល់ឃើញថា ក្បួនដឹកជញ្ជូនអាវុធដូចគេហែរកឋិន ពីបណ្តារដ្ឋណាតូ ទៅកាន់អ៊ុយក្រែន ជាគោលដៅស្របច្បាប់សម្រាប់យោធារបស់ខ្លួន នៅពេលពួកគេទៅដល់ទឹកដី ដែលទីក្រុងគៀវគ្រប់គ្រង។ អនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov បានព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Sergey Ryabkov ថា ទំនាក់ទំនងជាទៀងទាត់ ជាមួយសហរដ្ឋអាមេរិក គឺមិនអាចទៅរួចទេសម្រាប់រុស្ស៊ី ដោយពិចារណាលើ “ការគាំទ្រឥតឈប់ឈរ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះចេតនាយោធានិយម នៃរបបក្រុងគៀវ និង ការចាក់យ៉ាងហូរហៀរអាវុធទំនើបៗ” ចូលទៅក្នុងប្រទេសដោយសមាជិកណាតូ ។ អ្នកការទូតរុស្ស៊ីរូបនេះបានពន្យល់ពីគោលដៅ របស់ទីក្រុងមូស្គូឥឡូវនេះគឺធ្វើឱ្យមានភាពច្បាស់លាស់ ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកថា រុស្ស៊ីនឹងប្រើវិធីសាស្ត្រដ៏ធ្ងន់ធ្ងរ និងម៉ឺងម៉ាត់ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង ធ្វើឱ្យខូចយោធារបស់ខ្លួននៅអ៊ុយក្រែន។
លោកបានសង្កត់ធ្ងន់ថា “យើងព្រមានថា ការដឹកជញ្ជូនសព្វាវុធរបស់អាមេរិក-ណាតូ ឆ្លងកាត់ទឹកដីអ៊ុយក្រែន ត្រូវបានចាត់ទុកថាជាគោលដៅយោធាស្របច្បាប់” ៕ ប្រែសម្រួលៈ ណៃ តុលា