ព័ត៌មានអន្តរជាតិ

រុស្ស៊ីអះអាងថា ឧទ្ធម្ភាគចក្រយោធាអ៊ុយក្រែន ២គ្រឿង ហោះចូលទឹកដីរុស្ស៊ី វាយប្រហារ បណ្តាលឱ្យប្រជាជន ៧នាក់របួស

បរទេស៖ ប្រទេសរុស្ស៊ី បានអះអាងថា ឧទ្ធម្ភាគចក្រអ៊ុយក្រែនចំនួនពីរគ្រឿងបានទទួលខុសត្រូវ ចំពោះការវាយប្រហារលើភូមិព្រំដែន Klimovo ក្នុងតំបន់ Bryansk កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឲ្យមនុស្ស ៧នាក់រងរបួស។ ឧប្បត្តិហេតុនេះត្រូវបានអភិបាល តំបន់ចាត់ទុកថាជាយោធាអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពលើការវាយប្រហារនេះ ត្រូវបានផ្តល់ដោយគណៈកម្មាធិការស៊ើបអង្កេតជាតិ ដែលបាននិយាយថា ខ្លួនកំពុងចាត់ទុកឧបទ្ទវហេតុនេះថា ជាការសមគំនិតឧក្រិដ្ឋកម្ម។ សេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រវាយប្រហាររបស់យោធាអ៊ុយក្រែន២គ្រឿង បានឆ្លងចូលទៅក្នុងដែនអាកាសរុស្ស៊ី នៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ម៉ោងក្នុងស្រុក ដោយហោះហើរ ក្នុងរយៈកម្ពស់ទាប។

សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា យន្តហោះបានបាញ់អាវុធធុនធ្ងន់ទៅកាន់ភូមិ ដោយបានវាយប្រហារយ៉ាងហោចណាស់៦ដង ទៅលើអគារលំនៅដ្ឋាន។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មនុស្ស៧នាក់បានរងរបួស និងផ្ទះចំនួន ៦ បានខូចខាតនៅក្នុងការវាយប្រហារនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top