ព័ត៌មានអន្តរជាតិ

មនុស្សជាច្រើននាក់ កំពុងបាត់ខ្លួន ក្រោយមានគ្រោះទឹកជំនន់ កើតឡើងនៅអាហ្វ្រិកខាងត្បូង ដែលបណ្តាលឲ្យស្លាប់ មនុស្សជាង៤០០នាក់

អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្ស រាប់សិបនាក់ ដែលនៅតែបាត់ខ្លួន នៅក្នុងខេត្ត KwaZulu-Natal (KZN) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាកដី ដែលបានសម្លាប់មនុស្សជាង៤៤០នាក់ ។

គ្រោះទឹកជំនន់ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង ផ្តាច់ការផ្គត់ផ្គង់ថាមពល និងសេវាទឹក និងរំខានដល់ប្រតិបត្តិការ នៅឯកំពង់ផែដ៏មមាញឹកបំផុតមួយ របស់ទ្វីបអាហ្វ្រិកគឺ Durban ។

មន្ត្រីសេដ្ឋកិច្ចខេត្តបានប៉ាន់ប្រមាណថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងមូល មានចំនួនជាង១០ពាន់លាន rand ស្មើនឹង៦៨៤,៦លានដុល្លារអាមេរិក ។

នាយករដ្ឋមន្ត្រីនៅខេត្ត Sihle Zikalala បានលើកឡើងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៤៣នាក់ ហើយមនុស្ស ៦៣ នាក់ទៀតមិនត្រូវបានរាប់បញ្ចូលទេ ។

នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួន អ្នកស្រុកបាននិយាយថា ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារមានភ្លៀងធ្លាក់បន្ថែមទៀត ដែលត្រូវបានព្យាករណ៍ថានឹងធ្លាក់នៅថ្ងៃអាទិត្យ ។ អ្នកខ្លះប្រឈមនឹងការរង់ចាំដំណឹង បាត់មនុស្សជាទីស្រឡាញ់ យ៉ាងឈឺចាប់បំផុត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top