ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្ដើម សមយុទ្ធរួម ខណៈមានការតវ៉ាយ៉ាង ខ្លាំងពីកូរ៉េខាងជើង

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធា និទាឃរដូវរួមគ្នា របស់ពួកគេនៅថ្ងៃចន្ទនេះ ចំពេលមានការតវ៉ាយ៉ាង ខ្លាំងពីកូរ៉េខាងជើង ។

យោងតាមអគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង សមយុទ្ធរយៈពេល ៩ថ្ងៃ នឹងត្រូវធ្វើឡើង ដោយប្រព័ន្ធកុំព្យូទ័រ និងមិនពាក់ព័ន្ធ នឹងការធ្វើសមយុទ្ធ នៅទីវាលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ប្រភពពី JCS បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ការហ្វឹកហ្វឺនលើកនេះ នឹងផ្តល់ឱកាសដើម្បីបង្កើន សមត្ថភាពប្រតិបត្តិការ រួមរបស់កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងពង្រឹង ជំហរការពាររួមបញ្ចូលគ្នា របស់សម្ព័ន្ធមិត្ត” ។

ប្រទេសកូរ៉េខាងជើង បានរិះគន់យ៉ាងចាស់ដៃ ទៅលើសមយុទ្ធនេះនៅលើគេហទំព័រឃោសនារដ្ឋ Uriminzokkiri កាលពីថ្ងៃអាទិត្យ ដោយថា “អ្នកឈ្លានពាន និងអ្នកបង្កហេតុត្រូវតែបង់ប្រាក់” សម្រាប់សកម្មភាពរបស់ពួកគេ ។

ប្រភពពី JCS របស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសនេះកាលពីថ្ងៃសៅរ៍ បានបាញ់មីស៊ីលប្រភេទថ្មី ដែលឈានដល់កម្ពស់ប្រហែល ២៥គីឡូម៉ែត្រ និងហោះបានចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ។

លោក Sung Kim អ្នកតំណាងពិសេសអាមេរិក សម្រាប់កិច្ចការកូរ៉េខាងជើង បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យសម្រាប់ដំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ហើយគ្រោងនឹងជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu Duk នៅថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា ការព្រួយបារម្ភកំពុង កើនឡើង អំពីការបង្កហេតុ របស់កូរ៉េខាងជើង បន្ថែមទៀតជុំវិញ ខួបលើកទី៩០ នៃការបង្កើតកងទ័ពបដិវត្តន៍ ប្រជាជនកូរ៉េ នៅថ្ងៃទី២៥ ខែមេសា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top