ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញការប្រកាសព្រមាន ប្រើប្រាស់យោធា ប្រឆាំងនឹងអ៊ីស្រាអ៊ែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានចេញការព្រមានធ្ងន់ៗមួយ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ថាប្រទេសរបស់លោក នឹងប្រើប្រាស់កម្លាំងយោធា ប្រឆាំងទៅនឹងរបប Zionistប្រសិនបើរដ្ឋាភិបាលក្រុង Tel Aviv ហ៊ានធ្វើសកម្មភាពណាមួយប្រឆាំងមកលើអ៊ីរ៉ង់តែបន្តិចនោះ។

រដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានចេញសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យយោធាដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃកងកម្លាំងយោធារបស់អ៊ីរ៉ង់ និងដោយមានការធ្វើដើរក្បួនយោធា និងបង្ហាញពីសមត្ថភាពយោធារបស់ខ្លួនផងដែរ។

លោក Raisi បានថ្លែងបែបនេះថា៖ សាររបស់យើងទៅកាន់របប Zionist គឺនៅពេលដែលទំនាក់ទំនងជាធម្មតា រវាងប្រទេសមួយចំនួន នៅក្នុងតំបន់ជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានធ្វើឡើងប៉ុន្តែអ៊ីស្រាអ៊ែល មិនត្រូវភ្លេចទេថា ប្រសិនបើសកម្មភាពណាមួយដែលប៉ះពាល់ដល់អ៊ីរ៉ង់នោះគឺមិនអាចលាក់លៀមជាមួយនឹងទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់យើងបានឡើយ។

លោកបន្តថា៖អ្នកត្រូវតែចងចាំថាដរាបណាមានសកម្មភាពតូចណាមួយប្រឆាំងមកលើប្រទេសអ៊ីរ៉ង់នោះកងកម្លាំងរបស់យើងនឹងបើកគោលដៅភ្លាមតម្រង់ឆ្ពោះទៅកាន់ទីតាំងកណ្តាលនៃរបប Zionist ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

To Top